​មនុស្ស​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​ឥណ្ឌា​ប្រឆាំង​ការ​ចាប់ខ្លួន​និស្សិត​ម្នាក់​

​កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​ ក្នុង​ទីក្រុង​ញូ​វ​ដេ​លី​ ប្រទេស​ឥណ្ឌា​ដើម្បី​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ប្រទេស​នេះ​ ដែល​បាន​ចាប់ខ្លួន​និស្សិត​ម្នាក់​ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ បង្ក​ឲ្យ​មាន​សកម្មភាព​ប៉ះ​បោរ​ ។​

​ក្រុម​បាតុករ​ប្រមាណ​៥​ពាន់​នាក់​ ភាគច្រើន​ជា​ក្រុម​និស្សិត​បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​រដ្ឋធានី​ ដោយ​ស្រែក​ពាក្យស្លោក​ទាមទារ​ឲ្យ​ដោះ​លែង​និស្សិត​ឈ្មោះ​ Kanhaiya​ Kumar​។​ ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ ទ្រង់ទ្រាយ​ធ​បែប​នេះ​គេ​កម្រ​ឃើញ​កើត​មាននៅ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ។​

​ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​ប្រធាន​សហជីព​និស្សិត​អាយុ​៣២​ឆ្នាំ​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ Jawaharlal​ Nehru​ ដ៏​ល្បីល្បាញ់​នៅ​ក្នុង​ទីក្រុង​ញូ​វ​ដេ​លី​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​កន្លង​មកនេះ​ បន្ទាប់​ពី​មានការ​ជួបជុំ​ធ្វើ​បាតុកម្ម​ដោយ​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋអំណាច​ឥណ្ឌា​ ។​

​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ចេញ​ដោយ​ប៉ូលិស​នោះ​ បាន​បញ្ជាក់​ថា​ លោក​ Kumar​ បាន​បដិសេធន៍​ថា​ លោក​មិន​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ​ ព្រមទាំង​ថ្កោលទោស​ដល់​សកម្មភាព​នោះ​ថែម​ទៀត​ផង​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ Kumar​ បាន​រិះគន់​ជា​សាធារណៈ​ទៅ​លើ​ក្រុម​ជាតិនិយម​ជ្រុល​ ហើយ​ក្រុម​បាតុករ​ភាគច្រើន​បាន​មើលឃើញ​ថា​ ការ​ចាប់ខ្លួន​របស់​លោក​ Kumar​ នា​ពេល​នេះ​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​បង្ក្រាប​ទៅ​លើ​ក្រុមប្រឆាំង​ ។​

​បាតុករ​មួយ​រូប​ឈ្មោះ​ Avik​ Devdas​ បាន​ប្រាប់​ប្រភព​ AFP​ ថា​ «​យើង​ទាំងអស់​គ្នា​មក​ជួបជុំ​គ្នា​ថ្ងៃនេះ​ គឺ​ដើម្បី​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញមតិ​ ។​ រដ្ឋាភិបាល​មិន​អាច​លុប​បំបាត់​ការ​ប្រឆាំង​របស់​ប្រជាជន​ ដោយ​រុញ​ពួក​គេ​ឲ្យ​ចូល​ពន្ធនាគារ​នោះ​ឡើយ​»​ ។​

​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កើង​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​លោក​ Kumar​ បាន​ទទួល​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មេធាវី​ស្តាំ​និយម​ អំឡុង​ពេល​គាត់​ត្រូវ​គ្រៀក​ទាំង​សងខាង​ដោយ​ប៉ូលិស​ចូល​ទៅ​កាន់​បន្ទប់​សវនាការ​ ។​ សកម្មភាព​បែប​នេះ​បាន​នាំ​ឲ្យ​មានការ​ស្នើ​សុំ​ពី​តុលាការ​កំពូល​ឲ្យ​ប៉ូលិស​ធានា​សុវត្ថិភាព​មួយ​ភាគរយ​ជូន​លោក​ Kumar​ ។​

​អ្នកកាសែត​ដែល​ផ្សព្វផ្សាយ​ករណី​របស់​លោក​ Kumar​ ក៏​ទទួល​រង​ការ​វាយប្រហារ​ ហើយ​មេធាវី​សាលាឧទ្ធរណ៍​ម្នាក់​ដែល​បញ្ជូន​ឲ្យ​ទៅ​ស៊ើបអង្កេត​នោះ​ក៏​បាន​ទទួល​រង​នូវ​ការ​ឆាឆៅ​ ។​ សកម្មភាព​ទាំង​អស់នេះ​ត្រូវ​គេ​បរិយាយ​ប្រៀបធៀប​ទៅ​នឹង​បរិយាកាស​មួយ​នៃ​អំពើ​ភេរវកម្ម​ ។​

​លោក​ Kumar​ បន្ត​ជាប់​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​មេធាវី​របស់​លោក​បាន​ស្នើ​សាលាឧទ្ធរណ៍​ឲ្យ​ជួយ​អន្តរាគមន៍​ដោយ​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ និង​បង់ប្រាក់​ធានា​ ។​ សវនាការ​នេះ​ត្រូវ​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ។​

​ក្រុម​និស្សិត​ជា​ច្រើន​រដ្ឋធានី​ ក្នុង​នោះ​រួម​មាន​រដ្ឋធានី​ Chennai,​ Kolkata​ និង​ Bangalore​ ផង​ដែរ​បាន​នាំ​គ្នា​ជួបជុំ​ដង្ហែ​ក្បួ​ង​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ដើម្បី​បង្ហាញ​ការ​សាមគ្គី​ជាមួយ​លោក​ Kumar​ និង​ជាមួយ​ក្រុម​ JNU​ ដែល​មាន​ប្រវត្តិ​លូ​រលង់​មក​ហើយ​ក្នុង​សកម្មភាព​ប្រកាន់​ឆ្វេងនិយម​នោះ​ ៕​

india-protest-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *