​មន្ត្រីថ្នាក់ក្រោមបង្ហាញពីភាពមិនប្រក្រតីជាច្រើន ពាក់ព័ន្ធករណីផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងមន្ត្រីមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ មន្ត្រីរពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ នៅពេលថ្មីៗនេះ បានទម្លាយចេញជាសាធារណៈនូវភាពមិនប្រក្រតីក្នុងការផ្ទេរភារកិច្ច ផ្លាស់ប្តូរតួនាទី និងតែងតាំង មុខតំណែងអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីមួយចំនួនទៀត ក្នុងអង្គភាពមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខេត្តព្រះសីហនុ ដែលបង្កឲ្យមានបញ្ហាចម្រូងចម្រាសផ្អើលពេញខេត្ត។

ពួកគេបានលើកឡើងនូវភាពមិនប្រក្រតីទាំងនេះ មាន១០ចំណុចសំខាន់ៗ ដែលត្រូវបានលោក ចេង ស្រុង ប្រធានមន្ទីរ អនុវត្តខុសនិតិវិធី ហើយបានស្នើសុំទៅលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាពិនិត្យមើលឡើងវិញ និងចាត់វិធានការចំពោះករណីនេះផង។

មន្ត្រីថ្នាក់តូចតាច នៃមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ បានបង្ហើបប្រាប់ ឲ្យដឹងថា ករណីតែងតាំង ផ្លាស់ប្តូរមន្ត្រីសុរិយោដី កន្លងទៅថ្មីៗនេះ មានភាពមិនប្រក្រតីច្រើនណាស់ ហើយធ្វើឲ្យមន្ត្រីចាស់ៗ និងមន្ត្រីដែលសកម្មការងារជាច្រើនរូបអន់ចិត្ត មានសតិអារម្មណ៍ ព្រោះបាត់បង់តំណែង ហើយបានដាក់ជំនួសមកវិញ ដោយមន្ត្រីឡេមឡើម អែបអបទៅវិញ។

ប្រភពបន្តទៀតថា ភាពមិនប្រក្រតីខាងលើនេះ ត្រូវបានមន្ត្រីថ្នាក់ក្រោមបង្ហាញ១០ចំណុចសំខាន់ៗ រួមមានដូចជា មន្ត្រីដែលសកម្មការងារ លើកកម្ពស់ការបម្រើសេវាសាធារណៈជួនប្រជាពលរដ្ឋ និងមានសាមគ្គីភាព ព្រមទាំងសហការជាមួយមន្ត្រីគ្រប់បណ្តាស្រុក-ក្រុងទាំង៤ ជាក្រុមការងារបក្ស ចុះពង្រឹងតាមភូមិរហូតទទួលបានការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ទទួលរងភាពអយុត្តិធម៌ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ចេញដីកាសម្រេចផ្លាស់ប្តូរតួនាទីតាមរយៈសំណើររបស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណៈមន្ត្រីទាំងនេះ គ្មានកំហុនអ្វីទាំងអស់ ដែលផ្ទុយពីមាត្រ៤៥ និងមាត្រ៤៧ នៃច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ។

ប្រភពដដែលបានបន្តទៀតថា ជាក់ស្តែងដូចជាអនុប្រធានការិយាល័យនៅក្នុងមន្ទីរ ត្រូវបានប្តូរទៅជាអនុប្រធានការិយាល័យភូមិបាលស្រុក ផ្ទុយពីមាត្រា៥ និងមាត្រា៦ នៃច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ។

ប្រភពបន្តទៀតថា មន្ត្រីភូមិបាលដែលត្រូវដកចេញទាំងនេះ មិនទាន់ឃើញលិខិតប្រកាសនៅឡើយទេ ប៉ុន្តែពេលសួរនាំទៅលោក កៅ ម៉ៅ ប្រធានរដ្ឋបាលមន្ទីររៀបចំដែនដី បានឆ្លើយថា «មិនទាន់ឃើញទេ គឺនៅលោកប្រធានមន្ទីរ»។

ពួកគេបានបកស្រាយថា មូលហេតុដែលលោក ចេង ស្រុង ប្រធានមន្ទីរមិនបង្ហាញលិខិតប្រកាសនេះ ព្រោះខ្លាចមន្ត្រីទាំងនោះយកទៅបង្ហោះលើទំព័រហ្វេសប៊ុក។

មន្ត្រីថ្នាក់ក្រោមទាំងនេះបានរិះគន់ថា «លោកប្រធានបានរៀបចំដាក់បងប្អូន និងមនុស្សជំនិតៗ ឲ្យកាន់តំណែងកន្លែងត្រូវប៉ាន់ ចាប់ពីថ្នាក់មន្ទីរ រហូតដល់ថ្នាក់ការិយាល័យភូមិបាលស្រុក-ក្រុង ដើម្បីពង្រឹងអំណាចរបស់ខ្លួនផងដែរ»។

សូមបញ្ជាក់ថា លោក ចេង ស្រុង ដែលត្រូវបាន ប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ ប៉ុន្តែបន្ទាប់ពីកាន់តំណែងបានមួយរយៈ ហាក់បីដូចជាមានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធរឿងបក្ខពួកនិយម និងយកលុយទឹកតែផ្សេងៗ ៕

 

Loading...