​មេ​គយ​ខេត្ត​ត្បូងឃ្មុំ​កំពុង​កើប​លុយ​យ៉ាង​ស្រួល​

ខេត្ត​ត្បូងឃ្មុំ​ ៖​ ចាប់តាំងពី​ពេល​ដែល​ លោក​ នូ​ ស៊ី​ថា​ អតីត​ជា​ឈ្មួញ​រកស៊ី​ឈើ​ និង​ជា​មេ​គយ​ ប្រចាំ​ច្រក​ដូង​៧​ដើម​ បាន​រត់ការ​ឡើង​ធ្វើ​ជា​ ប្រធាន​សាខា​ គយ​និង​រដ្ឋាករ​ ប្រចាំ​អាណាចក្រ​ ខេត្ត​ត្បូងឃ្មុំ​ ជា​តំបន់​សេដ្ឋកិច្ច​ មានការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ និង​ការ​ហូរ​ចូល​ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ គេ​សង្កេត​ឃើញ​លោក​ នូ​ ស៊ី​ថា​ បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ ប្រៀប​បាន​នឹង​ស្តេចត្រាញ់​ ក្តោប​ប្រភព​ចំណូល​សេដ្ឋកិច្ច​ យ៉ាង​ណែន​ពេញដៃ​ មិន​ដែល​ក្រែង​ញញើត​ ពី​ការ​រឹត​បន្តឹង​របស់​អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ​ ហើយ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ សុទ្ធតែ​ញាក់សាច់​គ្រប់ៗ​គ្នា​ មិនសូវ​ហ៊ាន​ក្អក​ ជាមួយ​លោក​ នូ​ ស៊ី​ថា​ ដែល​ជា​មេ​គយ​ដ៏​មហិមា​។​

​មន្ត្រី​តូចតាច​មួយ​ចំនួន​ បាន​រអ៊ូរទាំ​ថា​ កាលពីមុន​ពួក​គេ​អាច​ចំណូល​ ពី​ការងារ​កំប៉ិកកំប៉ុក​ តាម​រយះ​ការ​បន្តក់​ ពី​ក្រុម​ឈ្មួញ​ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ និង​ឈ្មួញ​នាំ​ចូល​ទំនិញ​ បង់ពន្ធ​មិន​គ្រប់​ គ្រាន់​រួច​ថ្លៃ​បាយ​ ឬ​ទុក​ផ្ញើ​ឲ្យ​ប្រពន្ធ​កូន​ រៀង​រាល់ពេល​ដាច់​ខែ​។​ ប៉ុន្តែ​ចាប់តាំងពី​ពេល​ដែល​ រាជរដ្ឋាភិបាល​ ប្រកាស​បង្កើត​ ខេត្ត​ត្បូងឃ្មុំ​ ហើយ​លោក​ នូ​ ស៊ី​ថា​ បាន​ចាយ​លុយ​រត់ការ​ ឡើង​ធ្វើ​ជា​ ប្រធាន​សាខា​គយ​ ខេត្ត​ត្បូងឃ្មុំ​ គឺ​ប្រភព​ចំណូល​គ្រប់​បែប​យ៉ាង​ ត្រូវ​លោក​ នូ​ ស៊ី​ថា​ ក្តោប​យ៉ាង​ណែន​ពេញដៃ​ មិន​ឲ្យ​របូត​ដល់​ដៃ​ មន្ត្រី​តូចតាច​នោះ​ទេ​ ហើយ​ជា​ធម្មតា​លោក​ នូ​ ស៊ី​ថា​ បាន​ប្រើប្រាស់​លោក​ យឹ​ម​ វណ្ណៈ​ ជា​មេ​គយ​ច្រក​ដូង​៧​ដើម​ ឲ្យ​កាន់​ការងារ​សេដ្ឋកិច្ច​ ប្រមូល​លុយ​យក​ទៅ​ចែក​គ្នា​ ធ្វើ​មាន​ធ្វើ​បាន​។​

​ក្រុម​អ្នក​រកស៊ី​ ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ មួយ​ចំនួន​បានឱ្យ​ដឹង​ថា​ លោក​ នូ​ ស៊ី​ថា​ បាន​តាំងខ្លួន​ ជា​ស្តេចត្រាញ់​ ដ៏​មាន​ឥទ្ធិពល​ ប្រចាំ​ច្រក​ដូង​៧​ដើម​ ហើយ​លោក​ នូ​ ស៊ី​ថា​ បាន​ពង្រីក​អំណាច​កាន់តែ​ខ្លាំង​ បន្ទាប់​ពី​ឡើង​តំណែង​ ជា​មេ​គយ​ ខេត្ត​ត្បូងឃ្មុំ​ ដោយសារ​តែ​លោក​ នូ​ ស៊ី​ថា​ អតីត​ជា​ឈ្មួញ​រកស៊ី​ឈើ​ និង​មាន​ខ្នងបង្អែក​ ពី​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ ធំ​ជាងគេ​ ប្រចាំ​ភូមិភាគ​ឦសាន​។​ មានការ​បញ្ជាក់​ផង​ដែរ​ថា​ ពី​មុន​ឈ្មួញ​រកស៊ី​ឈើ​ ទាំង​តូច​ទាំង​ធំ​ ជា​ពិសេស​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ បាន​បែងចែក​ផលប្រយោជន៍​ ឲ្យ​មន្ត្រី​តូចតាច​គ្រាន់​បាន​រស់​ តែ​ឥឡូវ​លោក​ នូ​ ស៊ី​ថា​ បាន​ក្តោប​ចំណូល​ទាំងអស់​ ឡើង​មូល​ដូច​បាល់​ ធ្វើ​ឲ្យ​មន្ត្រី​គយ​ជា​ច្រើន​ មិន​សប្បាយចិត្ត​នោះ​ទេ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *