ខេត្តស្ទឹងត្រែងៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៤ មិនា ម្សិលមិញ បានកោះហៅ មេប៉ុស្ដិ៍ មួយរូប និង បក្ខពួក៣នាក់ផ្សេងទៀត មកសាកសួរ រឿងឃាត់ខ្សែរថយន្តយីឌុបដឹកឈើ របស់ ក្រុមហ៊ុនទ្រីភាព ។
ឈ្មោះ ឡត ម៉ារ៉ន មេប៉ុស្ដិ៍ឃុំក្បាលរមាស , ឈ្មោះ ចាន់ ប៊ុនសួយ អធិការរងស្រុកសេសាន ឈ្មោះ ងួន សុវណ្ណា មន្ត្រីប៉ុស្តិ៍ និង ឈ្មោះ ដុំ ណុប មន្ត្រីរដ្ឋបាលព្រៃឈើច្រប់ ត្រូវបានចោទប្រកាន់ថា បានឃាត់ខ្សែរថយន្តដឹកឈើ របស់ក្រុមហ៊ុនទ្រីភាព កាលពីរសៀលថ្ងៃទី៣ មិនា នៅចំណុចម្តុំអូរលៀងគ្រួស ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
លោក ប៉ែន សារ៉ាត់ ប្រធានព្រះរាជអាជ្ញា នៃ សាលាដំបូងខេត្តបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួនអ្នកទាំងនោះ មកសួរនាំដោយសារតែមានពាក្យបណ្តឹងពីក្រុមហ៊ុនទ្រីភាពថា មានករណីឃាត់រថយន្តខ្សែយីឌុបដឹកឈើ របស់គេទុកអស់រយៈពេលជាច្រើនម៉ោង នៅចំណុចកើតហេតុខាងលើ ដោយពុំមានមូលហេតុ។ លោកថា កន្លែងកើតហេតុស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោកមេប៉ុស្តិ៍ ហើយអ្នកទាំងនោះ តែងតែចងអង្រឹងដេកចាំស្ទាក់យកលុយពីបទល្មើសផ្សេងៗ ដែលរៀបចំដោយមេប៉ុស្តិ៍ទៀតផង ។
ប៉ុន្តែយ៉ាងណាក៍ដោយពួកគេត្រូវបានអនុញ្ញាតិ ឲ្យវិលត្រឡប់ទៅវិញបន្ទាប់ពីការសួរនាំ ។ លោកវរៈសេនីយ៍ឯក សាន់ និមល ស្នងការរងទទួលផែនបង្ក្រាបបទល្មើសទូទៅ នៃ ស្នងការខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោក នឹង ធ្វើការស៊ើបអង្កេត ចំពោះករណី នេះ ៕