កងទ័ពប្រទេសស៊ីរីបានរកឃើញរណ្តៅកប់សាកសពរួមប្រមាណ៤២នាក់ ដែលសម្លាប់ដោយក្រុមរដ្ឋអិស្លាម IS ស្ថិតនៅក្នុងប្រាសាទវ័យចំណាស់ Palmyra ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានព្រមានចាប់ខ្លួនពួកមេដឹកនាំក្រុមរដ្ឋអិស្លាមមកផ្តន្ទាទោសតាមច្បាប់ ។
ក្នុងរយៈពេលចុងក្រោយនេះ ក្រុមរដ្ឋអិស្លាមបនប្រកាសទទួលស្គាល់ការវាយប្រហារសម្លាប់រង្គាលរបស់ពួកគេនៅទីក្រុងប្រ៉ុចសែល ប្រទេសបែលហ្ស៊ិក និងទីក្រុងប៉ារីស ប្រទេសបារាំង ។ ប៉ុន្តែទោះបីយ៉ាងណា ក្រុមនេះបានបាត់បងមូលដ្ឋាននៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ ។
ប្រភពព័ត៌មានពីកម្លាំងយោធាបានប្រាប់ AFP ថា បុន្មានថ្ងៃបន្ទាបពីកងទ័ពស៊ីរី ជួយជាជំនួយដោយកងទ័ពរុស្ស៊ីផងនោះ បានដណ្តើមកាន់វិញប្រសាទបុរាណវ័យចំណាស់ Palmyra ដែលធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ក្រុមរដ្ឋអិស្លាម នាពេលកន្លងមក ។ ជាមួយគ្នានេះ កងកម្លាំងយោធាបានរកឃើញរណ្តៅយក្សកបសាកសពរួមរបស់មន្ត្រីប៉ូលិស ទាហាន សមាជិកគណៈកម្មការដែលមានប្រជាប្រិយភាព និងសាច់ញាតិរបស់ពួកគេដែលត្រូវក្រុមរដ្ឋអិស្លាមសម្លាប់រួចយកទៅកប់រួមគ្នានោះ ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ក្នុងចំណោមសាកសពជនរងគ្រោះ២៤នាក់ ជាជនស៊ីវិល និងមានកុមារ៣នាក់ផងដែរ ។ ជនរងគ្រោះត្រូវបានកាត់ក្បាល ឬបើមិនដូច្នោះគឺបាញ់សម្លាប់ដោយគ្រាប់កាំភ្លើង ។
ក្រុមរដ្ឋអិស្លាម IS បានដណ្តើមគ្រប់គ្រងប្រាសាទបុរាណ Palmyra តាំងពីខែឧសភា ឆ្នាំ២០១៥ ។ ប្រសាទបុរាណនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវទទួលរងការបំផ្លិចបំផ្លាញដោយសារស្នាដៃរបស់ក្រុមរដ្ឋអិស្លាម ។ ប៉ុន្តែកាលពីសប្តាហ៍កន្លងមក កម្លាំងទាហានស៊ីរី បានដណ្តើមគ្រប់គ្រងឡើងវិញប្រាសាទបុរាណមួយនេះពីដៃក្រុមរដ្ឋអិស្លាម។
ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថា អំឡុងពេលជិត១០ខែក្នុងការគ្រប់គ្រងតំបន់ប្រាសាទ Palmyra នោះ ក្រុមរដ្ឋអិស្លាមបានសម្លាប់មនុស្សយ៉ាងតិច២៨០នាក់ ។ ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅអង់គ្លេសជាអ្នកបញ្ជាក់អំពីការកឃើញរណ្តៅយក្សកប់សាកសពរួមខាងលើនេះ ។
ភ្លាមៗបន្ទាប់ពីក្រុមរដ្ឋអិស្លាមកាន់កាប់ប្រាសាទបុរាណ Palmyra ក្រុមរដ្ឋអិស្លាមបានបាញ់សម្លាប់ទាហានស៊ីរី២៥នាក់ និងគ្រូសង្គ្រាជរ៉ូម៉ាំង ហើយបន្តបន្ទាប់មកទៀត ក្រុមនេះបានផ្សព្វផ្សាយវីដេអូពីការសម្លាប់រង្គាលទៅលើជនរងគ្រោះដែលសុទ្ធតែកុមារ និងយុវជន ។
សង្គ្រាមស៊ីរីរយៈពេល៥ឆ្នាំបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២៧០.០០០នាក់ ។ ទោះបីយ៉ាងណា រណ្តៅកប់សាកសពរួមតិចតួចប៉ុណ្ណោះត្រូវបានរកឃើញ ។ ក្នុងរយៈពេលជិត១សប្តាហ៍នេះ ពលរដ្ឋដែលរស់នៅតំបន់ប្រាសាទបុរាណ Palmyra ប្រមា ៧០.០០០នាក់បានវិលត្រឡប់មកកាន់ភូមិដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ៕ ក្តាមស្រែ