​រដ្ឋបាល​រាជធានី បាន​កំពុង​អនុវត្តន៍​បន្ត ការស្តារ​ប្រឡាយ​បឹងទំពន់ ដើម្បី​បើកមុខ​ទឹក បង្ហូរ​ឱ្យបាន​លឿន នៅ​ដូ​វ​វស្សា​ខាងមុខ​

ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ បើទោះបី​រាជធានី​ភ្នំពេញ បាននិងកំពុង​ប្រឈមមុខ​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ការស្តារ​ប្រឡាយ លូ ការស្ថាបនា​លូ​ថ្មីៗ ជាដើម ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់បន្ថយ​ការលិចលង់ ភូមិដ្ឋាន​ប្រជាពលរដ្ឋ នៅ​រដូវវស្សា ខាងមុខនេះ នៅតែ​បន្តធ្វើ ដោយ​មិន​មានការ អាក់ខាន​ឡើយ​។​

​ជាក់ស្ដែង នៅ​ថ្ងៃទី​៥ មេសា​នេះ ក្រុមការងារ​របស់ រាជធានី​ភ្នំពេញ បាន​កំពុង​អនុវត្តន៍​បន្ត ការស្តារ​ប្រឡាយ​បឹងទំពន់ ដើម្បី​ត្រៀមលក្ខណ​:​បង្ហូរទឹក នា​រដូវវស្សា ខាងមុខនេះ ។​

​លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹង នៅ​រសៀល​ថ្ងៃទី​០៥ មេសា​នេះ​ថាៈ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ការចង្អុល​ណែនាំ ពី​សំណាក់​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ ការស្តារ​ប្រព័ន្ធ​បង្ហូរទឹក ជាពិសេស​ប្រឡាយ​មេ នៅ​រាជធានី​ភ្នំពេញ ខណ​:​នេះដែរ បន្ទាប់ពី​បាន​ស្តារ​ប្រឡាយ​មួយចំនួន ដូចជា ប្រឡាយ​ទួល​ពង្រ​១ ប្រឡាយ​បឹងត្របែក​រួចមក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែលមាន​ការិយាល័យ​លូទឹក បូមទឹក និង​ស្ថានីយ៍​ចម្រោះ​ទឹក​កខ្វក់ ជា​អ្នក​អនុវត្តន៍​បន្ត ស្តារ​ប្រឡាយ​បឹងទំពន់ ដើម្បី​ត្រៀមលក្ខណ​:​បង្ហូរទឹក នា​រដូវវស្សា ខាងមុខនេះ​។​

​លោក ដួង ចាន់​សារ៉ាត់ បាន​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ទុកដាក់​សំរាម អោយបាន​ត្រឹមត្រូវ ទៅតាម ទីតាំង ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម បានកំណត់ និង​កុំ​បោះ​សំរាម​ចូល ក្នុង​ប្រឡាយទឹក ពិសេស​ថែមទៀត​នោះ គឺ​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​កូ​វីដ​-១៩ ដោយ​ត្រូវ​អនុវត្តន៍​វិធានការ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្តតាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គឺ ៣​កុំ និង​៣​ការពារ​៕

Loading...