​រថយន្ត​គ្មាន​មនុស្ស​បើកបរ​ចាប់ផ្តើម​ដាក់​ឲ្យ​សាកល្បង​ក្នុង​ចម្ងាយ​ផ្លូវ​២​ពាន់​គីឡូម៉ែត្រ​នៅ​ចិន​

​រថយន្ត​ស៊េរី​ទំនើប​តាម​បច្ចេកវិទ្យា​ជឿនលឿន​ ដែល​ផលិត​ឡើង​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​អ្នកបើកបរ​នោះ​ បាន​ចាប់ផ្តើម​ដាក់​ឲ្យ​សាកល្បង​ក្នុង​ចម្ងាយ​ផ្លូវ​២​ពាន់​គីឡូម៉ែត្រ​នៅ​ក្នុង​ប្រទេស​ចិន​ ។​

​ប្រភព​ព័ត៌មាន​បរទេស​បាន​ផ្សព្វផ្សាយ​ថា​ រថយន្ត​គ្មាន​មនុស្ស​បើក​២​គ្រឿង​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ Chang’an​ Automobile​ នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ចរាចរណ៍​សាកល្បង​ក្នុង​ចម្ងាយ​ផ្លូវ​រហូត​ដល់​២​ពាន់​គីឡូម៉ែត្រ​ ដោយ​ចេញដំណើរ​ពី​ទីក្រុង​ Chongqing​ ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ។​

​លោក​ Li​ Yusheng​ ប្រធាន​ក្រុម​វិស្វករ​ក្រុមហ៊ុន​ផលិត​រថយន្ត​ខាងលើ​បាន​បញ្ជាក់​ថា​ ការ​ដាក់​ឲ្យ​ចរាចរណ៍​រថយន្ត​ទាំងនេះ​ គឺ​ដើម្បី​ជួយ​ដល់​ការ​សាកល្បង​មុខងារ​របស់​រថយន្ត​ក្នុង​លក្ខខណ្ឌ​ចម្រុះ​ ។​ លោក​អះអាង​ថា​ រថយន្ត​នេះ​ចរាចរណ៍​បាន​យ៉ាង​ល្អ​ប្រសើរ​នៅ​លើ​ផ្លូវ​មិន​ស្មុគស្មាញ​ ដូច​ជា​ច្រក​ផ្លូវ​ចូល​ទីក្រុង​ និង​ផ្លូវ​ហា​យ​វ៉េ​ជាដើម​ ។​

​លោក​ Ly​ Yusheng​ បន្ត​ថា​ ទោះ​យ៉ាងណា​ រថយន្ត​គ្មាន​មនុស្ស​បើកបរ​នេះ​នៅ​ត្រូវការ​ជួយ​ពី​មនុស្ស​ផង​ដែរ​ ឧទាហរណ៍​ដូច​ជា​ការ​ចូល​ទៅ​កាន់​ស្ថានីយ​ដើម្បី​បញ្ចូល​ហ្គា​ស​ និង​ការ​បង់ប្រាក់​ជាដើម​ ។​

​អគ្គនាយករង​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ គឺ​លោក​ Tan​ Benhong​ បាន​បញ្ជាក់​ថា​ គេ​មាន​បំណង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ទៅ​លើ​ផ្នែក​ឧបករណ៍​រថយន្ត​ និង​ការ​ដំណើរការ​របស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ហើយ​បន្តបន្ទាប់​មក​ទៀត​ គឺ​ការ​រៀបចំ​ម៉ូ​ដ​ រួច​ចាប់ផ្តើម​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​តែ​ម្តង​ លុះដល់​ឆ្នាំ​២០១៨​ ខាង​មុខ​ ក្រុមហ៊ុន​ផលិត​រថយន្ត​ Chang’an​ មាន​គម្រោង​ដាក់​ឲ្យ​លក់​រថយន្ត​គ្មាន​មនុស្ស​បើកបរ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ ។​

​នៅ​ជុំវិញ​ពិភពលោក​ មាន​ក្រុមហ៊ុន​យ៉ាងតិច​១៨​ដែល​ផលិត​រថយន្ត​ស្វ័យប្រវត្តិ​ មិន​ចាំបាច់​មាន​អ្នកបើកបរ​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ BMW,​ Audi​ និង​ក្រុមហ៊ុន​ Toyota​ ជាដើម​ ។​ រីឯ​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន​ មាន​ក្រុមហ៊ុន​ BAIC,​ GAC,​ SAIC​ Motor,​ Chang’an​ និង​ក្រុមហ៊ុណ​ BYD​ ផង​ដែរ​ ៕​
ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *