​រឿង​មិនអាច​បិទបាំង​គឺអំពើពុករលួយ​របស់​ឈួន សុភាព មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ គល់ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ

ប្រភពពី​ក្រុម​ឈ្មួញ​ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ បានត្អួញត្អែរថា លោក ឈួន សុភាព មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ នៅ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​មកលើពួកគាត់ដែលជាឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនតាមផ្លូវជាតិលេខ៥ ។

​ក្រុមអាជីវករ​ និង​ក្រុម​ឈ្មួញ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយក​គយ ចាត់វិធានការ​ទប់ស្កាត់​ កម្ចាត់អំពើពុករលួយ​សង្ស័យស្ថិតក្រោមការបង្គាប់បញ្ជាពីលោក ឈួន សុភាពនេះផង ​។

ពួកអាជីវករ​ និង​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគាត់​ដឹកទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ក្រុម​លោក ឈួន សុភាព គាប​យកលុយ​លើ​តុ​ក្រោម​តុ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។​

ពួកឈ្មួញ​ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ចូលមក​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៥ បាន​លាតត្រដាង​ជា​សាធារណៈ​នូវ​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឈួន សុភាព​។

គេនិយាយថា​លោក ឈួន សុភាព មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​លើផ្លូវ​ជាតិ​លេខ​៥ ក្បែរ​គល់ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​កំពុង​ប្រើ​តួនាទី​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ប្រសិនបើបែបនេះមែន លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ឈួន សុភាព និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ ​។ គួរតែកម្ចាត់ចោលមន្ត្រីស្អុយបែបនេះចោលហើយ ។

​ជុំវិញ​អំពើពុករលួយ​របស់លោក ឈួន សុភាព និង​បក្ខពួក​ត្រូវបាន​ក្រុម​ឈ្មួញ ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា គយ​ចល័ត​មួយក្រុម​នេះ ​កំពុង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន ជាក់ស្ដែង​គ្រាន់តែ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក ប្រចាំខែ​គឺ​ក្នុង​មួយខែៗ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​មាន​ផ្ទុកទំនិញ​បន្តិចបន្តួច​ដើម្បី​រួច​ថ្លៃ​សាំង​ត្រូវ​បង់​ឲ្យ​ពួកគេ​ក្នុង​មួយ​រថយន្ត​ពី​៦​លាន​រៀល​ទៅ​៧​លាន​រៀល​ឯណោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​ក្រុមហ៊ុន​ណា​មាន​រថយន្ត​៥​គ្រឿង​បើកបរ​ឆ្លងកាត់​ប៉ុស្ដិ៍​ឈរជើង​របស់​គយ​ចល័ត​នៅ​ចំណុច​គល់ស្ពាន​ទឹកថ្លា​នោះ គឺ​ត្រូវគេ​រាប់​ចំនួន​ក្បាល​រថយន្ត​យកលុយ​តែម្តង​ហើយ​មិនដឹងថា​យកលុយ​ទាំងនោះ​ទៅធ្វើ​អ្វីខ្លះ​ឡើយ ។​ សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​ក្រុម​ឈ្មួញ​និង​អាជីវករ ព្រមទាំង​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ដែល​ពូកែ​គាប​យកលុយ​តាមរបៀប​ពុករលួយ គឺ​ឈ្មោះ អឿន និង​ឈ្មោះ រី ហើយ​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់លោក ឈួន សុភាព យ៉ាង​ក្រអឺតក្រទម​បំផុត ។

គេសង្ឃឹមថាអង្គភាព​ប្រឆាំង​អំពើពុករលួយមិនមើលរំលងករណីនេះទេ គឺត្រូវតែចាត់វិធានការ​លុបបំបាត់​ពួកគ​យ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លាដែលសង្ស័យប្រព្រឹត្តអំពើពុករលួយនេះ នៅផ្លូវជាតិ​លេខ​៥ ខេត្តបន្ទាយមានជ័យ តាមការប្តេជ្ញានាពេលកន្លងមក ។

​​អ្នកខ្លះ​បាន​ឲ្យ​ដឹងថា លោក ឈួន សុភាព និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​បំផុត​ ហើយការដែលពួកគេហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ខាងលើៗ ហើយដែលគេនិយាយថា មិនអាចបិទបាំងបាននោះ ។

ពាក់ព័ន្ធការចោទប្រកាន់ លោក ឈួន សុភាព និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ខាងលើនេះ អង្គភាពយើងមិនអាចរកការបំភ្លឺបានទេ ដោយសារគ្មានលេខទូរស័ព្ទ ៕

 

Loading...