​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​ថ្មី​ ចូលកាន់​តំណែង ជំនួស លោក គួច ចំរើន​ នៅថ្ងៃនេះ

​ភ្នំពេញ​៖ លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ នឹង​ប្រគល់​ភារកិច្ច ឲ្យ​លោក សុខ ពេញ​វុ​ធ ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ នេះ នៅ​សាលាខណ្ឌ​ដូនពេញ​ក្រោម​អធិបតី​ភាព​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។​

​យោងទៅតាម​អនុក្រឹត្យ ដែលមាន​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦ លោក គួច ចំរើន អភិបាល ខណ្ឌដូនពេញ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​អភិបាលខណ្ឌ​ដូនពេញ ឲ្យ​ទៅ​បំរើការ​ងារ​ជា​អគ្គនាយករង នៅ​ក្រសួងមហាផ្ទៃ​។

​ការផ្ទេរ​ភារកិច្ច លោក គួច ចំរើន នេះ គឺ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយចំនួន​មានការ​ងឿងឆ្ងល់ និង​សង្ស័យថា ហេតុអ្វី​បានជា លោក ត្រូវ​ផ្ទេរ ពីព្រោះ​លោក ជា​មន្ត្រី​មូលដ្ឋាន​សកម្ម​ក្នុងការ​បំពេញការងារ​មួយរូប ។

​ជុំវិញ​ការផ្ទេរ​ភារកិច្ច​នេះ​អ្នកខ្លះ សង្ស័យថា លោក​អាចមាន​បញ្ហា​ជាមួយនឹង​មន្ត្រី​ធំ ឬក៏​សាច់ញាតិ​អ្នកធំ​ឬក៏​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​​មួយចំនួន​។ តែ​អ្នកខ្លះ​ថា ការផ្ទេរ​ភារកិច្ច​ពី​អភិបាលខណ្ឌ​ឲ្យ​ទៅ​ក្រសួងមហាផ្ទៃ​នេះ​ជាការ​ផ្ទេរ​មួយរយៈ​សិន ដើម្បី​ចង់ចាំ​មុខតំណែង​ជា​​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយ​ធំ​ជាង​ពីមុន ។​

​សម្រាប់​លោក​សុខ ពេញ​វុ​ធ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្វើលិខិត​ស្នើ​ទៅ​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​សម្រេច​តែងតាំង​លោក ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូន​​ពេញ​នេះ​បន្ទាប់ពី លោក គួច ចំរើន ត្រូវបាន​សម្រេច​ផ្ទេរ​ភារកិច្ច​៕

Loading...