ខេត្តមណ្ឌលគិរី ៖ អាជីវកម្ម និងការរុករករ៉ែ យ៉ាងអនាធិបតេយ្យ នៅតំបន់អូរក្ល ឃុំចុងផ្លាស់ ស្រុកកែវសីមា នៅតែបន្តសកម្មភាព ជីក ដាក់គ្រឿងបន្ទុះក្នុងរណ្តៅរ៉ែ ទោះបីក្រុមអាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញ បានធ្វើការហាមប្រាម យ៉ាងណាក៍ដោយ នៅតែមានក្រុមប្រជាពលរដ្ឋ មួយចំនួននៅតំបន់នោះ ក៍ដូចជាក្រុមអ្នកមានលទ្ធភាព មានលុយកាក់ បាននិងបន្តនាំគ្នាជីកកាយ ឥតឈប់ឈរ បើទោះបីបានរ៉ែ ឬមិនបានក៍ដោយ ពួកគេនៅតែនាំគ្នា ប្រកបមុខរបរនេះដែរ ហើយសកម្មភាពខាងលើនេះ អាចកើតឡើងបាន គេអះអាងថា មានការបើកភ្លើងខៀវ ពីមន្ត្រីនៅមូលដ្ឋានផងដែរ។
សេក្តីរាយការណ៍បានអោយដឹងថា អាជ្ញាធរនៅអូរក្ល អាចមានផលប្រយោជន៍ យ៉ាងពិតប្រាកដ ចំពោះការបណ្តោយឲ្យមាន សកម្មភាពជីកកកាយរ៉ែ នៅចំណុចនេះ ហើយម្យ៉ាងវិញទៀត មន្ត្រីទាំងនោះអាចមានភាគហ៊ុន ជាមួយរណ្តៅរ៉ែមាសអនាធិបតេយ្យ ទាំងនោះផងដែរ ហើយការប្រមូលផលប្រយោជន៍ ទាំងនោះក៍មិនមែនវេចលុយ ម្នាក់ឯងឡើយ អាចចំណែកខ្លះ ទៅសែនមេៗធំខាងលើទៀត ទើបបានជា ស្ងាត់ដូចចោរលួចសេះបែបនេះ ។ មិនតែប៉ុណ្ណោះ នៅមានសេចក្តីរាយការណ៍ ពីមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពល បានបង្ហើបអោយដឹងថា មន្ត្រីប៉ូលិសប៉ុស្តិ៍ អាចជាប់ពាក់ពន្ធ័ ជាមួយក្រុមជីករ៉ែ អនាធិបតេយ្យទាំងនោះ នាំចូលរំសេវ និងជាតិបំផ្ទុះ សំរាប់កំទេចថ្ម ដោយខុសច្បាប់ទៀតផង។
ព្រោះបើសិនពុំមានរំសេវបំផ្ទុះទេ គឺក្រុមអ្នកជីកករកាយទីនោះ មិនអាចជីកដោយដៃបានឡើយ ដោយសារទីតាំងរុករករ៉ែ ពោរពេញដោយថ្មដា ហើយរណ្តៅរ៉ែមួយៗ មានជម្រៅយ៉ាងតិចក៏ ៥០ម៉ែត្រដែរទៅក្រោម មានកន្លែងខ្លះជម្រៅ រហូតដល់ជិត ៣០០ម៉ែត្រឯណោះ។ ក្រុមប្រជាពលរដ្ឋ បានសំណូមពរដល់លោក ស៊ុន ប៊ុនធឿន អធិការស្រុកកែវសីមា ចុះស្រាវជ្រាវមើលកូនចៅរបស់ខ្លួន ដូចជាលោក មន្ត្រីប៉ុស្តិ៍ខាងលើនេះផង ឬល្មមដល់ពេលរាយការណ៍ មកការិយាល័យជំនាញ នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ទាក់ទងនិងរំសេវផ្ទុះ និងជាតិគីមីដែលកំពុងចរាចរណ៍ នៅឃុំចុងផ្លាស់ ដើម្បីអោយការិយាល័យជំនាញ គេមានវិធានការនិង ចំណាត់ការ។
បើសិននៅតែបណ្តែតបណ្តោយ អោយមានសកម្មភាព អនាធិបតេយ្យនោះកើតឡើង វាអាចបង្ករអោយជីវិតមនុស្សស្លាប់ ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ បុរសម្នាក់បានស្លាប់ដោយសារដាច់ខ្សែកាប នៅក្នុងរណ្តៅរ៉ែនោះផងដែរ សមត្ថកិច្ចប្រាប់អោយដឹងថា ឈ្មោះ ងួន ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករមកពីខេត្តក្រចេះ។ លោក សាន់ ដារិទ្ធិ ប្រធានមន្ទីរ រ៉ែថាមពល ខេត្តមណ្ឌលគិរី អោយដឹងដែរថា ពិតជាមានមនុស្សស្លាប់ យ៉ាងពិតប្រាកដមែន នាពេលកន្លងមក ហើយបទល្មើស នៃសកម្មភាពជីកកកាយរ៉ែ ភាគច្រើនជាប្រជាជន រស់នៅទីនោះអ្នកធ្វើ មិនមានក្រុមហ៊ុន មានអាជ្ញាប័ណ្ណទេ ពួកគាត់ពិតជា មានសកម្មភាពជីករ៉ែ បែបអនាធិបតេយ្យ៕