​ស្ថានទូតចិន៖ រោងចក្រ៣ ត្រូវក្រុមបាតុករមីយ៉ាន់ម៉ាដុតបំផ្លាញ

​ស្ថានទូតចិន ប្រចាំនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១ បានប្រកាសឲ្យដឹងថា កម្មករចិន​ជាច្រើន​នាក់​នៅរោងចក្រ​ក្នុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ាបានរងរបួស និង​ជាប់គាំង ដោយសារត្រូវក្រុមបាតុករមីយ៉ាន់ម៉ាឡោមព័ទ្ធកម្ទេច។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។

រោងចក្រចិនចំនួន៣ ត្រូវបានរាយការណ៍​ថា ត្រូវក្រុមបាតុករដុតបំផ្លាញ។ ស្ថានទូតចិន បាន​ស្នើសុំ​រដ្ឋាភិបាលយោធា ដើម្បីធានា​រក្សា​សន្តិសុខ​ឱ្យបាន​ឆាប់រហ័សជាទីបំផុត ដោយលើកឡើងថា វាជាស្ថានភាពដ៏ធ្ងន់ធ្ងរ និង​ថាពលរដ្ឋចិន​នៅក្នុងប្រទេសនេះ បានរងការគំរាមកំហែង​ផងដែរ។

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូតចិន បានលើកឡើង​ថា ៖ «ចិន​សូម​ជំរុញ​ឱ្យ​មីយ៉ាន់ម៉ា ចាត់វិធានការ​បន្ថែម​ទៀតដើម្បី​បញ្ឈប់​អំពើហិង្សា ដាក់ទោសដល់​អ្នកប្រព្រឹត្ត​ស្របតាមច្បាប់ និង​សូម​ធានា​ដល់​សុវត្ថិភាពរបស់​ក្រុមហ៊ុនចិន និងអាយុជីវិតរបស់​ពលរដ្ឋចិន»។

គួរកត់សម្គាល់ថា ក្រុមបាតុករមីយ៉ាន់ម៉ា បាន​រិះគន់ប្រទេសចិន ដែល​មិនបានជួយ​ខ្លួន​ក្នុងការប្រឆាំង​នឹងរដ្ឋាភិបាល​យោធា ពោលគឺ​មិនដូចប្រទេសលោកខាងលិច ដែលតែងតែចាំជួយពួកគេនោះឡើយ​ ក្នុងនោះក៏មានការចោទថា ចិនជាអ្នកនៅពីក្រោយខ្នង​នៃការធ្វើរដ្ឋប្រហារ។ តែភាគីចិនថា នេះជាកិច្ចការផ្ទៃក្នុងរបស់​មីយ៉ាន់ម៉ា៕

Loading...