​ស្ពាន​អ្នក​លឿង​ភ្ជាប់​មុខតំណ​ហើយ​

កណ្តាល​៖​ លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ លោក​ Kazuyki​ Nakane​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែមករា​ ឆ្នាំ​២០១៥​នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ចាក់​បេតុង​មុខតំណ​ ស្ពាន​អ្នក​លឿង​ ដែល​ត​ភ្ជាប់​ ខេត្តកណ្តាល​ជាមួយ​ខេត្តព្រៃវែង​។​

​ស្ពាន​អ្នក​លឿង​ ដែល​ឆ្លងកាត់​ទន្លេមេគង្គ​ស្ថិត​នៅ​តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​១​នេះ​ កំពុង​ ត្រូវ​បាន​ សាងសង់​ក្រោម​ជំនួយ​ឥត​សំណង​ របស់​ប្រទេស​ជប៉ុន​ ដែល​គ្រោង​សម្ពោធ​ ជា​ផ្លូវការ​ នៅ​មុន​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​។​ បូក​រួម​ទាំង​ស្ពាន​អ្នក​លឿង​ ជំនួយ​ឥត​ សំណង​របស់​ជប៉ុន​ ផ្តល់​ មក​កម្ពុជា​ សម្រាប់​គម្រោង​ជួសជុល​ផ្លូវជាតិ​ លេខ​១​នេះ​ មាន​ទឹកប្រាក់​សរុប​ ២២១​ លាន​ ដុល្លារ​ សហរដ្ឋអាមេរិក​។​

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ ស្ពាន​អ្នក​លឿង​ ដែល​សាងសង់​ឡើង​ យោង​ដោយ​ខ្សែកាប​លើក​ សងខាង​ ប្រៀប​ដូច​ជា​បក្សី​ពណ៌​លឿង​ពីរ​ក្បាល​កាន់​ដៃ​គ្នា​ហោះ​ ដែល​ជា​ការ​តំណាង​ឲ្យ​កម្ពុជា​-​ជប៉ុន​ កាន់​ដៃ​គ្នា​ហោះ​ឆ្ពោះទៅ​រក​កិច្ច​សហប្រតិបត្តិការ​ដ៏​រុងរឿង​នា​ពេល​អនាគត​។​ លោកប្រសិទ្ធ​នាម​ ស្ពាន​អ្នក​លឿង​ថា​ ស្ពាន​ស៊ូ​បា​សា​។​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃនេះ​កម្ពុជា​ ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ក្រដាស់ប្រាក់​ ៥០០​រៀល​ ដែល​មួយ​ខាង​មាន​ព្រះ​ឆាយ​លក្ខណ៍​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ ព្រះបាទ​ សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ និង​ម្ខាង​ទៀត​ រូប​ស្ពាន​គី​ហ្សូ​ណា​ និង​ស្ពាន​អ្នក​លឿង​។​

​លោក​បាន​បញ្ជាក់​ថា​ ពិធី​ភ្ជាប់​បេតុង​ស្ពាន​អ្នក​លឿង​ ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ ដល់​ខួប​លើក​ទី​៦០​ឆ្នាំ​ នៃ​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន​។​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​លើក​ជា​សំណូមពរ​៣​យ៉ាង​ដល់​ប្រជាពលរដ្ឋ​ នៅ​ពេល​ស្ពាន​អ្នក​លឿង​ ត្រូវ​ បាន​ ដាក់​ឲ្យ​ដំណើរការ​។​ សំណូមពរ​ទី​១.​ កុំ​ឲ្យ​យក​ស្ពាន​អ្នក​លឿង​ជា​កន្លែង​ធ្វើ​អត្តឃាត​ បញ្ចប់វិបត្តិ​ ទី​២.​ សុំ​កុំ​ដឹក​លើស​ទម្ងន់​នាំ​ខូច​ស្ពាន​ និង​សំណូមពរ​ទី​៣.​ សុំ​កុំ​ឲ្យ​បើក​លឿន​ នាំ​ឲ្យ​មាន​ គ្រោះថ្នាក់​ ចរាចរ​ណ៏​។​

​ស្ពាន​អ្នក​លឿង​ ដែល​មាន​ប្រវែង​សរុប​ចំនួន​ ២.២១៥​ ម៉ែត្រ​ ទទឹង​ ប្រវែង​១៣​ម៉ែត្រ​ និង​មាន​កម្ពស់​ ផុត​ពី​ផ្ទៃ​ទឹក​នៅ​រដូវវស្សា​៣៧,៥​ ម៉ែត្រ​ ជា​ស្ពាន​វែង​ជាងគេ​ និង​ជា​ស្ពាន​យោង​ប្រើ​ខ្សែកាប​ទី​១​នៅ​កម្ពុជា​ ដែល​ ការ​ចំណាយ​លើ​ការ​សាងសង់​ជាង​៩០​លាន​ដុល្លារ​។​

​លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ បើ​គ្មាន​បាតដៃ​របស់​លោក​ទេ​ ក៏​គ្មាន​កិច្ចចរចា​ព្រមព្រៀង​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​នោះ​ឡើយ​។​ លោក​បាន​បន្ត​ថា​ លោក​បាន​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៥​ ដែល​ ក្នុង​ប្រទេស​មាន​សង្គ្រាម​ហែកហួរ​គ្នា​នៅឡើយ​ ដូច្នេះ​បើ​គ្មាន​បាត់ដៃ​របស់​លោក​ គឺ​គ្មាន​សង្ឃឹម​ កិច្ចចរចា​សន្តិភាព​ទី​ក្រុងប៉ារីស​ឡើយ​។​ សម្តេច​បាន​បន្ត​ថា​ សម្តេច​បាន​ចូល​រូង​ខ្លា​ ដើម្បី​ចរចា​ ជាមួយ​ ខ្មែរក្រហម​ ទើប​អាច​បញ្ចប់សង្គ្រាម​ ខណៈ​ដែល​អ៊ុ​ន​តាក់​ប្រើ​ ២​ពាន់​លាន​ដុល្លារ​ តែ​មិន​អាច​ចូល​ ប៉ៃលិន​ នោះ​ទេ​ តែ​សម្តេច​អាច​ចូល​ទៅ​ប៉ៃលិន​បាន​។​ សម្តេច​ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ ក្រោយ​លោក​ ឡើង​ធ្វើ​ជា​ នាយក​រដ្ឋមន្ត្រី​ នៅ​ឆ្នាំ​១៩៨៥​ គឺ​លោក​ជា​អ្នកដឹកនាំ​ធ្វើ​កំណែទម្រង់​ដីធ្លី​ និង​ប្រគល់​កម្មសិទ្ធិ​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *