ភ្នំពេញៈ អតីតមន្ដ្រីជាន់ខ្ពស់ របស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទី ជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធាន រដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី បូករួមជាមួយ មនុស្សចំនួន ២ នាក់ទៀត ជាអតីតយុវជនរបស់ អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសសុំចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្រប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូល សមាជិក គណបក្សប្រជាជនជនកម្ពុជាថ្មី ទាំងប៉ុន្មានរូបនេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ នារសៀល ថ្ងៃទី៣១ ខែមិនា នេះ។
ឈ្មោះ ឃាន វិសេស អាយុ ៣២ ឆ្នាំ
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថាៈ អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង ៣ នាក់នោះ រួមមានៈ ទី១. ឈ្មោះ ឃាន វិសេស អាយុ ៣២ ឆ្នាំ ដែលកាលនៅគណបក្សសង្គ្រោះជាតិ មានតួនាទីជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីត ប្រធានរដ្ឋបាល ខុទ្ទកាល័យ លោក សម រង្ស៉ី។ ទី២. ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានយុវជនស្រុកព្រៃនប់ ។ ទី៣. ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។
ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ
លោកបានបញ្ជាក់ថាៈ ការដែលបងប្អូនស្ម័គ្រចិត្ត ចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជានេះ គឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍ ប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍ រីកចម្រើន រហូតដល់សព្វថ្ងៃនេះ ថែមទៀត។
លោក ឃួង ស្រេង បានបន្ថែមថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗ ដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជន គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀត ខណៈដែលប្រទេសជាតិ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយជំងឺកូវីដ-១៩នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វះស្វែង រកគ្រប់មធ្យោបាយ ដើម្បីទិញយកវ៉ាក់សាំង ចាក់ការបង្ការជំងឺ-១៩ ជូនដល់បងប្អូនប្រជាពលរ ដ្ឋថែមទៀត។
ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានមានប្រសាសន៍ថាៈ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចហើយ នូវអង្ករប្រមាណ ១០ ម៉ឺនតោន ដើម្បីទុកចែកជូន ប្រជាពលរដ្ឋ ដែលរងគ្រោះនិង ប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះនេះ ៕