​អាជ្ញាធរជាតិ​​អាវុធគីមី​ ផ្សព្វផ្សាយច្បាប់​ ស្តីពីហាមឃាត់អាវុធគីមី​ អាវុធនុយក្លេអ៊ែ​ អាវុធជីវសាស្រ្ត​ និងអាវុធវិទ្យុសកម្ម​ ​ដល់មន្រ្តីរាជការ​​កងកម្លាំងប្រដាប់អាវុធ ​ក្នុងខេត្ត​រតនគិរី​

ខេត្តរតនគិរី៖ ​អាជ្ញាធរជាតិ​​អាវុធគីមី​ នៅព្រឹកថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៨នេះ ផ្សព្វផ្សាយច្បាប់​ ស្តីពីហាមឃាត់អាវុធគីមី​ អាវុធនុយក្លេអ៊ែ​ អាវុធជីវសាស្រ្ត​ និងអាវុធវិទ្យុសកម្ម ដល់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងខេត្តរតនគិរី។

ពិធីផ្សព្វផ្សាយនេះ​ធ្វើឡើង នៅសាលប្រជុំសាលាខេត្តរតនគិរី​ ក្រោមអធិបតីភាព​ លោក ​ហេង វុទ្ធី​ អគ្គលេខាធិការរង​​អាជ្ញាធរជាតិ​អាវុធគីមី​ និងលោក​ យឹម​ ផែន​ អភិបាលរងខេត្ត​។

លោក ហេង​ វុទ្ធី​ បានថ្លែងតបទៅ និងសភាពការណ៍បច្ចុប្បន្ន​ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់​សម្តេច​ពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការពារជាតិ​ និងជាប្រធានអាជ្ញាធរ​អាវុធគិមី​ អគ្គលេខាធិការដ្ឋានអាជ្ញាធរអាវុធគីមី​ បានដាក់ចេញនូវកម្មវិធីផ្សព្វផ្សាយច្បាប់​ នាពេលនេះ​ ក្នុងន័យចែករំលែកចំណេះដឹង​ និងផ្លាស់ប្តូរបទពិសោធន៍​ ពីមហន្តរាយ ​និងផលប៉ះពាល់ពីសារធាតុអាវុធគីមី​ អាវុធនុយក្លេអ៊ែ អាវុធជីវសាស្រ្ត​ និង​អាវុធវិទ្យុសកម្ម​ ថ្នាក់ជាតិ​ ថ្នាក់តំបន់​ និងពិភពលោក​​។

លោកបានបញ្ជាក់ទៀតថា អំពីស្ថាន​ភាពបច្ចុប្បន្នទាក់ទងទៅនឹងជនរងគ្រោះដោយសារ​ គ្រាប់បែកគីមីដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅឃុំគគីរ​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើបញ្ហានេះ​ ព្យាបាលជនរងគ្រោះដោយសារគ្រាប់បែកគីមីដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះដើម្បីជាការងាយស្រួល ដល់ការស្វែងរកសេវាសុខភាព ដែលនៅជិតផ្ទះ​ និងកាត់បន្ថយការចំណាយ និងទាន់ពេលវេលា​ ក្រសួងសុខាភិបាល នឹងសាងសង់មណ្ឌលសុខភាពមួយជូនប្រជាពលរដ្ឋ​ នៅក្នុងឃុំគគីរនេះផ្ទាល់តែម្តង​​។

លោកបន្តថា បញ្ហាអាវុធគីមី​ អាវុធជីវសាស្រ្ត​ អាវុធនុយក្លេអ៊ែ និងអាវុធវិទ្យុសកម្ម​ បាន​​គំរាមកហែងយ៉ាងធ្ងន់ធ្ងរលើសន្តិសុខ​ សន្តិភាព​ និងស្ថេរភាព​ ក្នុងតំបន់​ និងពិភពលោក​​។ ជាក់ស្តែងការរកឃើញសារធាតុគីមីនៅខេត្តស្វាយរៀង​ នាពេលថ្មី​ៗ​ នេះភស្តុតាង​មួយបញ្ជាក់ថា កម្ពុជាពិតជាមានគំរាមកំហែងពីអាវុធគីមី​ អាវុធនុយក្លេអ៊ែ អាវុធជីវសាស្រ្ត​ និងអាវុធវិទ្យុសកម្ម​ ដូច្នេះ​ត្រូវមានការ​​ការពារ​ ការរាវរក​ឆ្លើយតបឲ្យមានប្រសិទ្ធភាព​ ដើម្បីទប់ស្កាត់ការរីករាលដាល់ និងផលប៉ះពាល់ដល់សុខភាពសាធារណៈ​ ពិសេសការរារាំងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ​​។

តាមរយៈពិធីផ្សព្វផ្សាយច្បាប់នេះ លោក ហេង វុទ្ធី មានជំនឿយ៉ាងមុតមាំថា ពិតជានាំបានមកនូវបទពិសោធន៍​ និងមេរៀនថ្មីៗ​ ល្អៗ​ ក្នុងងការចែករំលែកដល់​​អ្នកចូលរួម​ ដើម្បីសិក្សាស្វែងយល់ និងផ្តល់ការពិភាក្សាឲ្យបានផុលផុសហើយសំនួរ ឬបទអន្តរាគមន៍​ របស់អ្នកចូលរួម ពិតជាមានតម្លៃសម្រាប់ឲ្យផ្សព្វផ្សាយច្បាប់ទាំងមូល​ ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន​ក្នុងការការពារ​ ការវាវរក​ ការត្រៀមទុក​ និងការឆ្លើយតប​ ពីហានិភ័យ​ដែលបណ្តាលមកពីអាវុធគីមី​ អាវុធនុយក្លេអែ​ អាវុធជីវសាស្រ្ត​ អាវុធវិទ្យុសកម្ម​ និងសារធាតុគីមី​៕

Loading...