ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង បានសន្យាសាងសង់ផ្សារជូនបងប្អូនអាជីវករ ដែលជួបគ្រោះមហន្តរាយអគ្គីភ័យនាប៉ុន្មានថ្ងៃមុននេះ ឲ្យមានតូបលក់ដូរគ្រប់ៗគ្នាឡើងវិញ ប៉ុន្តែក្រុមអាជីវករទាំងអស់ ដែលរគ្រោះពីការឆេះកំទេចដោយអណ្តាតភ្លើងនដែលធ្វើឲ្យបាត់បង់សម្ភារៈ ទ្រព្យសម្បត្តិ គិតជាប្រាក់ម្នាក់ៗមានរហូតដល់រាប់ម៉ឺនដុល្លារនោះរហូតមកទល់ពេលនេះ ពួកគាត់នៅមិនទាន់ស្ងាប់ចិត្តនៅឡើយ ហើយស្នើឲ្យអាជ្ញាធរជួយសងនូវការខាតបង់របស់ពួកគាត់ ពុំនោះទេ ពួកគាត់នឹងក្លាយជាអ្នកជំពាក់បំណុលធនាគារ ដោយប្រឈមនឹងការរឹបអូសដីធ្លី និងផ្ទះសម្បែងនោះថែមទៀត។
កាលពីថ្ងៃសៅរ៍ទី៩ មេសា ចុងសប្តាហ៍កន្លងមកនេះ អាជ្ញាធរខេត្តស្ទឹងត្រែង បានរៀបចំពិធីជួបប្រជុំ ជាមួយក្រុមអាជីវករផ្សារថ្មខេត្តស្ទឹងត្រែង ដ៏ច្រើនរយនាក់ នៅវត្តស្រះកែវមុនីវណ្ណ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងន័យផ្សព្វផ្សាយ អំពី ដំណោះស្រាយជួយសាងសង់ផ្សារ ជូនក្រុមអាជីវកររងគ្រោះ ពីការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ ដោយសារភ្លើងឆេះ កាលពីយប់ថ្ងៃសុក្រទី៧មេសាកន្លងទៅថ្មីៗនេះ។
អភិបាលខេត្តស្ទឹងត្រែង លោកម៉ុម សារឿន បានមានប្រសាសន៍ ដោយទទួលស្គាល់ថា ពិតជាមានការបាត់បង់ទ្រព្យសម្បត្តិរបស់អាជីវករ ដែលម្នាក់ខាតបង់អស់រហូតរាប់ម៉ឺនដុល្លារនោះមែន ហើយអាជ្ញាធរខេត្ត សូមចូលរួមសោកស្តាយ នូវការបាត់បង់នេះ និងនៅពេលនេះ ខេត្តបានសំរេចផ្តល់ទីតាំងលក់ដូរជូនអាជីវករជាបណ្តោះអាសន្ន ចាប់ពីចំណតរថយន្តមាត់ទន្លេ រហូតដល់លើសួនច្បារ នេះគឺជាដំណោះស្រាយមួយសមស្របតាមសមណូមពររបស់បងប្អូនអាជីវករដែលចង់បាន ។ចំណែក អ្នកពាក់ព័ន្ធនៅក្នុងការមិនទទួលខុសត្រូវ ក្នុងពេលយាមកាម ធ្វើឲ្យផ្សារនេះឆេះ លោកបានបញ្ជាឲ្យសមត្ថកិច្ច ចុះឃាត់ខ្លួនសន្តិសុខផ្សារ យកទៅចាត់ការតាមច្បាប់នោះហើយ។
លោកបានសន្យាទៀតថាអាជ្ញាធរខេត្តក៏ដូចជារាជរដ្ឋាភិបាលបានសំរេចធ្វើផ្សារនេះថ្មីឡើងវិញ ដោយកំណត់យកតាមស្តង់ដា ដូចផ្សារនៅខេត្តក្រចេះ សំរាប់ឲ្យបងប្អូនអាជីវករបានលក់ដូរវិញ ទៅតាមចំនូនតូបដែលម្នាក់ៗមាន។
តំណាងអាជីវករផ្សារថ្មស្ទឹងត្រែង លោកសេង សូគី បានលើកឡើងថា ការបាត់បង់ទ្រព្យសម្បត្តិនេះ គឺជាការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានទេ ដោយសារជិតរដូវចូលឆ្នាំ អាជីវករបាន ទៅចងការប្រាក់ពីធនាគារ យកមកចំណាយលើការទិញទំនិញនាំចូលមកច្រើនសន្ធឹកសន្ធាប់ ដើម្បីត្រៀមលក់ដូរនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ។លោកថាការបាត់បង់ទ្រព្យសម្បត្តិ នៅក្នុងគ្រោះមហន្តរាយអគ្គីភ័យនេះរូបលោក និងអាជីវករទាំងអស់ស្នើឲ្យអាជ្ញាធរដោះស្រាយសំណង ឲ្យបានសមស្របជូនពួកគាត់ ពីព្រោះអ្នកផ្សារ សុទ្ធតែមានកិច្ចសន្យាត្រឹមត្រូវ ធ្វើអាជីវកម្មជាមួយអាជ្ញាធរ ដោយធានាលើផ្នែកសន្តិសុខ និងការបាត់បង់ខូចខាត មិនគួរអីត្រូវភ្លើងឆេះអស់ ឆេះទាំងតូប និងសម្ភារៈលក់ដូរនៅថែមទៀត ពួកគាត់មានការសោកស្តាយបំផុត។
តំណាងអាជីវករម្នាក់ទៀត លោកសុខ គារ បានសាទរចំពោះការរកវិធានការដោះស្រាយរបស់គណៈអភិបាលខេត្ត ពិសេស សម្តេចតេជោសែន ប្រមុខដឹកនាំរាជរដ្ខាភិបាល ហើយនៅក្នុងវិធានការនេះ លោក និងក្រុមអាជីវករ សូមស្នើឲ្យខេត្តរៀបចំឲ្យបានឆាប់ ដើម្បីពួកគាត់មានកន្លែងលក់ដូរត្រឹមត្រូវ ព្រោះដ្បិតពួកគាត់មិនចង់មកលក់ដូរ តាមចិញ្ចើមផ្លូវ និងនៅតាមសួនច្បារនោះទេ ។
សូមជម្រាបថា ផ្សារថ្មស្ទឹងត្រែង ដែលមានទំហំផ្ទៃដីជិត១ហិចតា និងមានតូបលក់ដូរ ១ពាន់២២០តូបនោះ បានរងនូវការឆាបឆេះដោយអគ្គីភ័យ នាវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃសុក្រទី៧មេសា ចុងសប្តាហ៍មុននេះ ហើយសម្ភារៈ និងទ្រព្យសម្បត្តិ ដែលរងការឆេះភ្លើងនេះ អាជីវករម្នាក់ៗ បានខាត់បង់ថវិកាអស់ច្រើនម៉ឺនដុល្លារ មូលហេតុនៃការឆេះនេះ គេនៅមិនទាន់រកឃើញនៅឡើយ ។ចំណែក អាជីវករមួយភាគធំ បានអះអាងថា ការឆេះផ្សារថ្មខេត្តស្ទឹងត្រែង មិនមែនកើតឡើងពីការឆ្លងចរន្តអគ្គិសនីនោះទេ គឺពួកគាត់សង្ស័យថា ត្រូវបានគេលួចដុតយ៉ាងពិតប្រាកដ ៕ បក្សីជាយដែក