​អាជ្ញាធរ​រាជធានី​និង​ខេត្តកណ្តាល​សហការ​គ្នា​វាយ​បំបែក​ខ្ទះ​លុយ​អាជ្ញាធរ​ធនធាន​ខ្សាច់​

កាណូត​បូម​ខ្សាច់​នៅ​ពេល​យប់​ ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​ នៅ​បន្តសកម្មភាព​បូម​ជា​ដដែល​ បើ​ទោះបីជា​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក៏​ដោយ​។​ ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ កិច្ចសហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​រវាង​សាលា​រាជធានី​ភ្នំពេញ​ និង​សាលាខេត្ត​កណ្ដាល​ នៅ​មិន​ទាន់​រឹត​បន្តឹង​ខ្លាំងក្លា​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ខេត្តកណ្ដាល​ នឹង​រឹត​បន្តឹង​ការ​សហការ​ដើម្បី​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​ ខណៈ​កាណូត​បូម​ខ្សាច់​ច្រើន​គ្រឿង​នៅ​បន្ត​លួច​បូម​នៅ​ពេល​យប់​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​។​

​ចៅសង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ លោក​ លីវ​ វណ្ណ​ថេ​ង​ ថ្លែង​នៅ​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៥​ ថា​ ស្ទើរ​រាល់​យប់​កាណូត​ធំៗ​ បាន​លួច​ចូល​បូម​ខ្សាច់​ក្នុង​ទឹកដី​សង្កាត់​ព្រែក​ថ្មី​។​ អាជ្ញាធរ​សង្កាត់​ និង​ខណ្ឌ​បាន​ចុះ​ទូត​ដើម្បី​ចាប់​ ត្រូវ​ពួក​នោះ​បើកកាណូត​បូម​ខ្សាច់​ចូល​ក្នុង​ទឹកដី​នៃ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ដែល​នៅ​ទល់មុខ​សង្កាត់​ព្រែក​ថ្មី​នេះ​ ទើប​មិន​អាច​ចាប់​កាណូត​ល្មើស​បាន​ភ្លាមៗ​៖​ «​វា​មាន​តែ​ពួក​ក្រុម​លួច​ឆ្មក់​ ហើយ​យើង​បាន​បង្ក្រាប​ជា​រឿយៗ​ រហូត​ដែរ​។​ ជាក់ស្ដែង​ ព្រឹក​មិ​ញ​យើង​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ យើង​បញ្ចេញ​អូ​ប័​រ​ទៅ​ចាប់​ វា​អែប​ទៅ​ខាង​ខេត្តកណ្ដាល​ បាត់​ទៅ​។​ វា​នៅ​បន្ត​មាន​បៅ​ស្រុក​តា​ខ្មៅ​ តែ​ម្ដង​ ហើយ​មួយ​កង់​ទៀត​នៅ​ខាង​ស្រុក​ស្អាង​ ហើយ​ឥឡូវ​ខ្ញុំ​បាន​បង្ក្រាប​ជាក់ស្ដែង​ហើយ​ បទល្មើស​ជាក់ស្ដែង​ គ្រាន់តែ​យើង​បាន​ចេះ​អូ​ប័​រ​ទៅ​វា​ចូល​ខាង​ ហើយ​ឥឡូវ​វា​អត់​ហ៊ាន​ចេញ​ទេ​»​។​

​ការ​ដេញ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ កាលពី​ថ្ងៃ​៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ អភិបាលខេត្ត​កណ្ដាល​ និង​អភិបាលខេត្ត​ព្រៃវែង​ មិន​ឲ្យ​មានការ​បូម​ខ្សាច់​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ទាំង​ពីរ​នោះ​នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​បាន​កំណត់ព្រំដែន​នៅ​ទន្លេមេគង្គ​ក្រោម​ ទន្លេមេគង្គ​លើ​ និង​ទន្លេបាសាក់​។​

​ពាក់ព័ន្ធ​កាណូត​បូម​ខ្សាច់​ បើកកាណូត​ចូល​ទឹកដី​ខេត្តកណ្ដាល​ ដើម្បី​គេច​ពី​ការ​តាម​ចាប់​កាណូត​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ត្រូវ​អភិបាលខេត្ត​កណ្ដាល​ លោក​ ម៉ៅ​ ភា​រុណ​ ថ្លែង​ថា​ ពិតជា​មាន​កាណូត​លួច​បូម​ខ្សាច់​ក្នុង​ទឹកដី​ខេត្តកណ្ដាល​ នៅ​ពេល​យប់​ បាន​កើតឡើង​ញឹកញាប់​មែន​។​ លោក​ថា​ ករណី​នេះ​ដោយសារ​ទឹកដី​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​ នៅ​ក្នុង​ទន្លេ​តែ​មួយ​។​ លោក​ថា​ នឹង​ពង្រឹង​ការ​សហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​របស់​អាជ្ញាធរ​ទាំង​២​ រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​ ដើម្បី​ចាប់​កាណូត​ល្មើស​បូម​ខ្សាច់​ឲ្យ​ទាន់​ហេតុការណ៍​ទោះបី​សកម្មភាព​បង្ក​នៅ​ពេល​យប់​ក៏​ដោយ​៖​ «​កើតរឿង​អត់​ច្បាប់​ ដល់​អ៊ីចឹង​វា​ធ្វើ​តែ​នៅ​ក្នុង​ពេល​យប់​ ចន្លោះ​ប្រហោង​ ពួក​នឹង​ឆ្លៀត​ អាហ្នឹង​ខ្ញុំ​ទទួលស្គាល់​បញ្ហា​ហ្នឹង​ ហើយ​ខ្ញុំ​បាន​ចាត់វិធានការ​ហើយ​។​ អ្វី​ដែល​វា​អត់​មាន​ ច្បាប់​គឺ​ត្រូវ​តែ​បញ្ចប់​អត់​មាន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ រួម​ទាំង​នៅ​ទន្លេមេគង្គ​លើ​ មេគង្គ​ក្រោម​ ទន្លេបាសាក់​ ទន្លេសាប​ អាហ្នឹង​គឺ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល​ អ្នក​ដែល​អត់​មានច្បាប់​ គឺ​មិន​អនុញ្ញាត​បន្ត​ទៀត​ទេ​»​។​

​បញ្ហា​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​នេះ​ដែរ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ ថ្លែង​ថា​ សាលា​រាជធានី​ភ្នំពេញ​ នឹង​ប្រឹងប្រែង​សហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​ជាមួយ​អាជ្ញាធរ​ខេត្តកណ្ដាល​ ព្រោះ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​រាជធានី​ភ្នំពេញ​ ទាំងមូល​ ក្រសួង​រ៉ែ​និង​ថាមពល​ ប្រកាស​មិន​ឲ្យ​មានការ​បូម​ខ្សាច់​ទេ​៖​ «​ព្រោះ​អី​តាម​ខ្ញុំ​ដឹង​ គឺ​ទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​ បាន​សហការ​គ្នា​ហើយ​ថា​ មិន​ឲ្យ​មាន​ទេ​ ដូច្នេះ​ទោះបី​គេច​ចេញពី​ភ្នំពេញ​ ទៅ​តា​ខ្មៅ​ ក៏​យើង​មិន​ឲ្យ​ដែរ​ ពីព្រោះ​នៅ​ក្នុង​ខេត្តកណ្ដាល​ ក៏​មិន​អនុញ្ញាត​ដែរ​»​។​

​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ល្វាឯម​ ស្រុក​កោះធំ​ ស្រុក​ស្អាង​ ក្នុង​ខេត្តកណ្ដាល​ អះអាង​ដូច​គ្នា​ថា​ កាណូត​ច្រើន​គ្រឿង​បើក​មក​ពី​ប្រទេស​វៀតណាម​ ចត​ក្នុង​ទឹកទន្លេ​មេគង្គ​ នៅ​ពេល​ថ្ងៃ​ ប៉ុន្តែ​នៅ​ពេល​យប់​ បាន​ធ្វើ​សកម្មភាព​លួច​បូម​ខ្សាច់​។​ ពួក​គាត់​បន្ត​ថា​ បើសិន​អាជ្ញាធរ​ខេត្តកណ្ដាល​ និង​រាជធានី​ភ្នំពេញ​ មាន​ចេតនា​រឹត​បន្តឹង​ករណី​លួច​បូម​ខ្សាច់​មែន​ គួរ​ចាប់​កាណូត​សំចត​នៅ​ក្នុង​ទន្លេ​ អូស​យក​ទៅ​ទុក​ ទើប​មិន​មាន​សកម្មភាព​លួច​បូម​ខ្សាច់​នៅ​ពេល​យប់​បន្ត​ទៀត​។​

​កាលពី​ថ្ងៃ​៥​ ខែមករា​ ឆ្នាំ​២០១៥​ គណៈកម្មការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ បាន​ឃាត់​ទុក​កាណូត​បូម​ខ្សាច់​ចំនួន​ ១៩​គ្រឿង​ ចត​បូម​យក​ខ្សាច់​គគ្រឹកគគ្រេង​ មុខ​ព្រះ​បរមរាជវាំង​ និង​នៅ​ជ្រោយចង្វារ​ ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ ផ្ញើ​លិខិត​រំលឹក​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ខេត្តកណ្ដាល​ និង​ខេត្តព្រៃវែង​ ឲ្យ​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់​ និង​អាជីវកម្ម​ខ្សាច់​ ហើយ​សូម​ឲ្យ​ចាប់​ផ្ដន្ទាទោស​ជនល្មើស​តាម​មាត្រា​៣៥​ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​
​អាជីវកម្ម​ធនធាន​រ៉ែ​ ព្រោះ​អតីត​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ បាន​ប្រកាស​និរាករណ៍​រាល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ទាំងអស់​ក្នុង​តំបន់​ទន្លេបាសាក់​ ទន្លេមេគង្គ​ក្រោម​ និង​ទន្លេមេគង្គ​លើ​ ហាម​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ទន្លេ​ទាំង​៣​នោះ​ តាំងពី​ឆ្នាំ​២០១១​ មក​ម្ល៉េះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *