​អា​មេ​រិ​ក​ហោះហើរ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ F-22​ នៅ​ដែនអាកាស​កូរ៉េ​ខាងត្បូង​

​កម្លាំងយោធា​អា​មេ​រិ​កបាន​ហោះហើរ​យន្តហោះ​ចំបាំង​បំបាំងកាយ​៤​គ្រឿង​ ប្រភេទ​ F-22​ នៅ​លើ​ដែនអាកាស​របស់​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​ នេះ​ជា​សកម្មភាព​បង្ហាញ​កម្លាំង​របស់​ខ្លួន​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ ។​ យោធា​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ នៅ​ខែ​ខាង​មុខ​នេះ​បាន​មាន​គម្រោង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ផង​ដែរ​ក្នុង​គោលដៅ​ទប់ស្កាត់​រាល់​ការ​គំរាមកំហែង​ណាមួយ​បំណាក់​ទីក្រុង​ព្យុ​ង​យ៉ាង​ ។​

​ការ​ហោះហើរ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ F-22​ ដែល​ចេញពី​បន្ទាយ​យោធា​ក្នុង​ដែន​កោះ​អូ​គី​ណា​វ៉ា​ ប្រទេស​ជប៉ុន​ទៅ​កាន់​ដែនអាកាស​កូរ៉េ​ខាងត្បូង​នា​ពេល​នេះ​ជា​សកម្មភាព​ថ្មី​ចុង​ក្រោយ​បំផុត​របស់​អា​មេ​រិ​ក​ នៅ​ក្នុង​ការ​ដាក់​ពង្រាយ​គ្រឿងសាស្ត្រាវុធ​យុទ្ធ​ភ័​ណ្ឌ​នៅ​ទីតាំង​យុទ្ធសាស្ត្រ​ ក្រោយ​ពី​កូរ៉េ​ខាងជើង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​ព្រមាន​ពី​មហាអំណាច​ពិភពលោក​ចំពោះ​ការ​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​៤​ កាលពី​ខែមករា​ ឆ្នាំ​២០១៦​ ។​

​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ កូរ៉េ​ខាងជើង​ដែល​បាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នោះ​ ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ ហើយ​បាន​រំលោភ​ទៅ​លើ​ច្បាប់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ។​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ហាមប្រាម​រដ្ឋ​ឯកោ​កូរ៉េ​ខាងជើង​មិន​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​មី​ស៊ី​ល​បាល្លី​ស្ទីក​(ballistic)​នោះ​ឡើយ​ ។​

​កូរ៉េ​ខាងជើង​បាន​អះអាង​ថា​ ខ្លួន​គ្រាន់តែ​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​តែ​ប៉ុណ្ណោះ​ ។​

​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ ប្រភព​ព័ត៌មាន​ពី​កម្លាំងយោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ អា​មេ​រិ​កបាន​បន្ថែ​មកា​រដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​វាយ​ស្ទាក់​ប្រភេទ​ល្បឿន​លឿន​ Patriot​ នៅ​ក្នុង​ព្រំដែន​កូរ៉េ​ខាងត្បូង​ ដើម្បី​ឆ្លើយ​តប​ចំពោះ​សកម្មភាព​បង្ករឿង​របស់​កូរ៉េ​ខាងជើង​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ ប្រទេស​សម្ពន្ធមិត្ត​ទាំង​ពីរ​ក៏​បាន​ផ្តោត​ពិភាក្សា​ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ​ THAAD​ ដែល​ជា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដ៏​ទំនើប​ផង​ដែរ​ ។​

​កាលពី​ខែមករា​ ឆ្នាំ​២០១៦​ កន្លង​មកនេះ​ សហរដ្ឋអាមេរិក​បាន​ហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ B-52​ រយៈ​ចម្ងាយ​ទាប​ផង​ដែរ​នៅ​កូរ៉េ​ខាងត្បូង​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​សាកល្បង​អាវុធ​បរមាណូ​កាលពី​ថ្ងៃ​ទី​៦​ ខែមករា​នោះ​ ។​

​សមយុទ្ធ​កម្លាំងយោធា​រួម​ ត្រូវ​លើក​គម្រោង​ចាប់ផ្តើម​នៅ​ខែមីនា​ ឆ្នាំ​២០១៦​ ដែល​មាន​កម្លាំងយោធា​ និង​គ្រឿងសាស្ត្រាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ប្រភេទ​ និង​ច្រើន​ពាន់​នាក់​ចូលរួម​ ។​ នេះ​បើ​តាម​មន្ត្រី​កូរ៉េ​ខាងត្បូង​ ។​

​កងកម្លាំង​ទាហាន​អា​មេ​រិ​ករ​ហូត​ដល់​២៨.៥០០​នាក់​បាន​និង​កំពុង​បោះជំរំ​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង​។​ កូរ៉េ​ខាងត្បូង​មាន​កម្លាំងយោធា​ប្រមាណ​៦០០.០០០​នាក់​ រីឯ​កូរ៉េ​ខាងជើង​វិញ​មាន​ប្រមាណ​១.២​លាន​នាក់​ ។​

​កូរ៉េ​ខាងជើង​តែងតែ​ចាត់​ទុក​ការ​ធ្វើ​សមយុទ្ធ​របស់​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​នោះ​ថា​ជា​ការ​ត្រៀម​ធ្វើសង្គ្រាម​ ។​ កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​និយាយ​ថា​ ការ​ធ្វើ​សមយុទ្ធ​របស់​ពួក​គេ​ជា​ច្រើន​ឆ្នាំ​មកនេះ​ គឺ​ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​ ៕

f-22-stealth-fighter-jets

Loading...

Leave a Reply

Your email address will not be published. Required fields are marked *