​អ្នក​នាង​ ​អាន សុធី​តា ឈ្នះពានរង្វាន់ដល់ទៅ៣ ក្នុងវិស័យអចលនទ្រព្យ

ស្ត្រី​ខ្មែរ​មួយ​រូប ​អ្នក​នាង​ ​អាន សុធី​តា ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia​ ​បាន​ឈ្នះ​ពាន​រង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​ឆ្នើម​​ចំនួន​​៣​ ក្នុង​កម្មវិធី​ម្ចាស់​ពាន​រង្វាន់​ភា្នក់ងារ​​អចលន​ទ្រព្យ​កម្ពុជា​លើក​ទី១​​ ឆ្នាំ​២០១៨។

​ស្ត្រី​វ័យក្មេង​រូប​នេះ ​បញ្ចប់​ការ​សិក្សា​​ផ្នែក​គណនេយ្យ​ តែ​មក​ចាប់​​ជំនាញ​លក់ក្នុងក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ឲ្យដឹងថា ពានរង្វាន់ចំនួន ៣ រួមមាន ពានរង្វាន់ក្រុមហ៊ុន​ភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ពានរង្វាន់ក្រុមហ៊ុន​ភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆ្នើមប្រចាំឆ្នាំ និងពានរង្វាន់ភ្នាក់ងារឆ្នើម។

​​​​អ្នក​ជំនាញ​អចលនទ្រព្យ​ស្ត្រី​រូប​នេះ ​បាន​ចាប់​ផ្ដើម​ការងារ​ពី​បុគ្គលិក​សាមញ្ញ​ រហូត​ក្លាយ​ជា​នាយិកា​ក្រុមហ៊ុន​បរទេស រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​​ មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ ​អ្នកនាង​ប្រាប់​ថា ​ការ​ជោគជ័យ​មក​ទល់​ថ្ងៃនេះ ​ផ្ដើម​ចេញ​ភាព​ស្មោះ​ត្រង់​ គោរព​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ​និង​ធ្វើ​ការងារ​ដោយ​ការ​ស្រឡាញ់​ចេញពី​បេះដូង។

អ្នកនាង​អាន សុធី​តា គឺជាស្ត្រីកម្ពុជាពូកែម្នាក់ ដែលបានប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​​ និង​បាន​កាន់​កាប់​គម្រោង​លក់​ជា​ច្រើន​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​កម្ពុជា​ភាគ​ច្រើន​ជា​គម្រោង​ខុន​ដូ​ អគារ​ការិយាល័យ ​និង​ផ្សារ​ទំនើប​ជា​ដើម។

គួរ​ជម្រាប​ថា​ ​ពាន​រង្វាន់​ភា្នក់ងារ​​អចលន​ទ្រព្យ​កម្ពុជា​លើក​ដំបូង​របស់​កម្ពុជា​ ​មាន​ចំនួន ៣០ ​ដែល​មាន​ក្រុមហ៊ុន​អចលនទ្រព្យចំនួន ១៥ ​បាន​ឈ្នះ ​និង​​​​បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្មីៗ​នេះ ក្រោម​ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ Realetstate.com ​ប្រចាំ​នៅ​កម្ពុជា​ ដោយ​គាំ​ទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់​ងារ​អចលនទ្រព្យ ៕

 

Loading...