សាលាដំបូងរាជធានីសម្រេចឃុំលោក ហុង សុខហួរដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន

ភ្នំពេញ ៖ក្រោយពីការសាកសួរ ពីលោកកោ វណ្ឌី ចៅក្រមសាលាដំបូងសាលារាជធានីភ្នំពេញ ទៅលើលោកហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តុលាការ បានសម្រេចឃុំខ្លួន លោក ហុង សុខហួរ បណ្តោះអាសន្ន នៅពន្ធនាគារព្រៃស រង់ចាំសវនាការកាត់ទោសនៅពេលខាងមុខ។

សូមបញ្ជាក់ថា ការបញ្ជូនឲ្យចៅក្រមសាកសួរ គឺបន្ទាប់ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង បានសាកសួរលោកហុង សុខហួរ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ដោយបានចោទប្រកាន់ចំនួន៣បទល្មើស រួមមានៈបទក្លែងលិខិតសាធារណៈ បទប្រើលិខិតសាធារណៈក្លែង និងបទញុះញង់អោយមានបទល្មើសមជ្ឈឹម រឺឩក្រិដ្ឋមិនសម្រេច។

ចំណែកលោក ជូង ជូងី មេធាវីការពារក្តី អោយលោក ហុង សុខហួរ បានបញ្ជាក់ថា ចៅក្រមចោទប្រកាន់កូនក្តីរបស់លោក ចំនួន៣ បទល្មើស ដូចបានរៀបរាប់ខាងលើ ហើយលោកនឹងដាក់ពាក្យទាស់ និងតម្កល់ ថវិកា ដើម្បីស្នើសុំអោយកូនក្តី របស់លោក នៅក្រៅឃុំ។

សមត្ថកិច្ចបានបញ្ជួនខ្លួនលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទៅតុលាការក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។

លោកហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោកយន្ត ថារ៉ូ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ របស់គណបក្សសង្គ្រោះជាតិ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ត្រីតុលាការបានឲ្យដឹងថា លោកហុង សុខហួរ អាចប្រឈមមុខនឹងការចោទប្រកាន់ចំនួនបីបទល្មើស ទី១.ពីបទក្លែងលិខិតសាធារណៈ ទី២.ប្រើលិខិតសាធារណៈក្លែង ទី៣.បទញុះញង់អោយមានបទល្មើសមជ្ឈឹម រឺឩក្រិដ្ឋ។

យោងតាមមាត្រា ៦២៩. បទក្លែងបន្លំឯកសារសាធារណៈ បានចែងថា ការកន្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឲ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា ៦៣០. បទប្រើប្រាស់ឯកសារសាធារណៈក្លែង បានចែងថា ការប្រើប្រាស់ឯកសារក្លែងដែលមានក្នុងមាត្រា៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *