មន្ត្រីគយពុករលួយមួយចំនួន ធ្វើផ្គើនបទបញ្ជា របស់សម្តេចតេជោ ទើបបទល្មើស នាំចូលទំនិញគេចពន្ធ មានកំណើនគ្រប់ច្រកល្ហក

ខេត្តកោះកុង ៖ កណ្តាប់ដៃដែក របស់សម្តេចតេជោ ហាក់ដូចជា មានឥទ្ធិពល ទៅលើស្ថាប័នមួយចំនួន ប៉ុន្តែចំពោះ មន្ត្រីគយពុករលួយ មួយចំនួន នៅតែបន្តធ្វើផ្គើន បទបញ្ជារបស់សម្តេចតេជោ ទើបបានជា បទល្មើសគេចពន្ធ មានកំណើន គ្រប់ច្រកល្ហក មិនអាចទប់ស្កាត់បាន ហើយជាក់ស្តែង ការនាំចូលទំនិញគេចពន្ធ តាមខេត្តកោះកុង របស់ឈ្មួញធំៗ គេដឹងថា កូនចៅរបស់លោក សំ កុសល ជាប្រធានសាខាគយ នៅទីនោះ បន្តឃុបឃិតឲ្យឈ្មួញ បង់ពន្ធតិចតួចបំផុត។
មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗ ដែលនាំទំនិញ នៅតែមានឱកាស នាំចូលទំនិញ ដោយបង់ពន្ធតិចតួច ឬបង់ពន្ធចូលតែ ហោប៉ៅមន្ត្រីគយ ហើយនាំទំនិញចូលម៉ាសេរី ធ្វើឲ្យបាត់បង់ចំណូលរដ្ឋ ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែសម្រាប់គយម្នាក់ៗ ស្ទើរក្លាយជាសេដ្ឋី អស់ទៅហើយ។ គ្រាន់តែក្រុមហ៊ុន រស្មីរតនៈ មួយប៉ុណ្ណោះ បាននាំចូលទំនិញគ្រប់ប្រភេទ ហើយបង់ពន្ធប្រមាណ ៣០% បន្តចែកចាយទំនិញ លើទីផ្សារ ដោយគ្មានការរំខាន ហើយគេដឹងថា ក្រុមហ៊ុនមួយនេះ ទទួលបានភ្លើងខៀវ ពីមន្ត្រីគយសម្រាប់ការ នាំចូលទំនិញបង់ពន្ធខ្លះ និងមិនបង់ពន្ធខ្លះ តាមអ្វីដែល ជំនាញគយ នឹកឃើញ។
ប្រភពបានបញ្ជាក់ថា ទំនិញក្នុងមួយទូក របស់ក្រុមហ៊ុន រស្មីរតនៈ ដែលមានចំណុះ រហូតដល់ ២០០តោន ត្រូវបានគយ ម៉ៅការបង់ពន្ធសរុប ប្រមាណជា ៣០% ប៉ុណ្ណោះ ចំណែកនៅសល់ ៧០%ទៀត គឺត្រូវបែងចែកជា២ គឺពាក់កណ្តាល បានទៅក្រុមហ៊ុន និងពាក់កណ្តាលទៀត បានទៅលោកគយ។ សូមបញ្ជាក់ថា មួយរយះដែលលោក សំ កុសល ឡើងធ្វើជាប្រធាន សាខាគយ ខេត្តកោះកុង គេសង្កេតឃើញថា ប្រាក់ពន្ធមានកំណើនបន្តិច ក៏ពិតមែន តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺបទល្មើសទំនិញគេចពន្ធ កើនឡើង យ៉ាងអនាធិបតេយ្យ។
មានការរំលឹកថា ក្រុមហ៊ុនធំៗ ដែលធ្វើសកម្មភាព នាំចូលទំនិញ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រក ខេត្តកោះកុង រួមមាន ក្រុមហ៊ុន គឹម យ៉ារស្មី ដែលមានថៅកែ ឈ្មោះ ចែ ហួង, ក្រុមហ៊ុន រស្មីរតនៈ ដែលជាក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹក និងមានបរិមាណទំនិញ រាប់ពាន់តោនក្នុងមួយខែៗ ហើយក្រុមហ៊ុននេះ ត្រូវគេដឹងថា បង់ពន្ធចូលរដ្ឋតែ ១០%ប៉ុណ្ណោះ នៅសល់ពីនេះ គឺចែកឲ្យមន្ត្រីសាខាគយ មួយចំណែក និងមួយចំណែកទៀត សម្រាប់លុយដឹកជញ្ជូនតាមផ្លូវ និងបង់ឲ្យកុងត្រូលជជុះ របស់គយ ដែលដាក់អង្គុយចាំយកលុយ ពីរថយន្តដឹកទំនិញ នៅចំណុចអណ្តូងទឹក ស្រុកបុទុមសាគរ។
តាមព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា ប្រធានសាខាគយ ខេត្តកោះកុង បានកំណត់ឲ្យមន្ត្រីគយ ដែលអង្គុយសំកុកចាំយកលុយ នៅកុងត្រូលជជុះ បង់ក្នុងមួយខែ ៨លានរៀល ។ ដើម្បីបានលុយគ្រប់ចំនួន មន្ត្រីគយប្រចាំកុងត្រូល បានជំរិតយកលុយ ពីរថយន្តសណ្តោង ឬរថយន្តយីឌុប ដោយរាប់ក្បាលឡាន មួយគ្រឿង ១០០ដុល្លារ ក្នុងមួយជើង ។ ក្រៅពីបង់ពន្ធក្បាលឡាន ក្រុមឈ្មួញធំៗ ត្រូវបង់លុយចូល សាខាគយបន្ថែមទៀត ដោយគិតតាមទំនិញនាំចូល តិចឬច្រើន៕

IMG-10

Loading...

Leave a Reply

Your email address will not be published. Required fields are marked *