ករណីប្លន់អ្នកលក់មាសនៅកំពង់ចាម សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យប្រុស ស្រី៤នាក់

ខេត្តកំពង់ចាម៖ ក្រុមចោរប្លន់ចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស​ នៅក្បែរផ្សារធំថ្មីក្រុងកំពង់ចាម យកអស់ជិត២មឺិនដុល្លារ ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងទឹកដីខេត្តសៀមរាប។

មន្រ្តីនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាង កម្លាំងនគរបាលខេត្ត កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ។ យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងនគរបាល កំពុងតាមចាប់បក្ខពួកមួយចំនួនទៀត។

សូមបញ្ជាក់ថា ករណីប្លន់អាជីវករលក់មាស នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ «សុខ លក្ខិណា» ក្រុមចោរយកទឹកប្រាក់អស់សរុបជិត២ម៉ឺនដុល្លារ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា សម្ភារៈដែលបាត់បង់រួចមាន ទូរស័ព្ទដៃ៤គ្រឿង, លុយខ្មែរប្រហែល៤លានរៀល, លុយដុល្លារ ប្រហែល៣ពាន់ដុល្លារ, លុយបាត ប្រហែល១០ម៉ឺនបាត និងគ្រឿងមាស ផ្លាកទីន មានតម្លៃប្រហែល១ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា ចោរមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ទូមាសយីហោ «សុខ លក្ខិណា» នៅម៉ោង៧៖២០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងលិចជាប់ផ្សារធំថ្មី ស្ថិចនៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ក្រុមចោរបានប្រមូលយកលុយ និងគ្រឿងអលង្កាអស់ប្រហែលជាង១ម៉ឺនដុល្លារ ហើយរត់ គេចខ្លួនបាត់ស្រមោល។

មន្ដ្រីនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះករណីនេះពិតជាកើតមានប្រាកដមែន ហើយជនសង្ស័យអាចមានគ្នា៤នាក់ ដោយ២នាក់ ចូលធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករ នៅពេលគាត់យកមាសទៅលក់ និង២នាក់ទៀតរង់ចាំនៅក្រៅ៕ ជ្រោយថ្ម


Loading...