រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន រ៉ូយាល់ គ្រុប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យមួយ ដោយកំណត់តំបន់ប្រើប្រាស់ដោយចីរភាព លើផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង និងធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី។

នេះបើយោងតាមអនុក្រឹត្យដែល អង្គភាពសារព័ត៌មាន ឧត្តមគតិខ្មែរ ទទួលបាននាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចដូចខាងក្រោម៖ មាត្រា១៖ ត្រូវបានកំណត់តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា (មួយរយហុកសិបប្រាំបីហិកតានិង ប៉ែតសិបអា) ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដូចមានផែនទីនិងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីបន្តរៀបចំបំពេញបែបបទនីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា២៖ ត្រូវបានធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនូវដីទំហំ ១៦៨,៨០ហិកតា (មួយរយហុកសិប ប្រាំបីហិកតានិងប៉ែតសិបអា) ដូចមានក្នុងមាត្រា១ នៃអនុក្រឹត្យនេះ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោម លក្ខខណ្ឌជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ដែលត្រូវស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថានជាអាជ្ញាធរកាន់កាប់ ទ្រព្យសម្បត្តិរបស់រដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋនិងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់និងគោលការណ៍របស់ រាជរដ្ឋាភិបាល។

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖

 

Loading...