អាជ្ញាធររាជធានីភ្នំពេញ ជំរុញឲ្យម្ចាស់បុរី និង ខុនដូ រៀបចំប្រព័ន្ធការពារសុវត្ថិភាព ស្របតាមអនុក្រឹត្យណែនាំ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងនាមប្រធានគណៈបញ្ជាការឯកភាព បានស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅរាជធានី រៀបចំប្រព័ន្ធការពារសុវត្ថិភាពជូនអតិជនរបស់ឲ្យស្របតាមអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ និងសហការជាមួយអាជ្ញាធរ ផ្តល់ទិន្នន័ ពីកាំមេរ៉ាសុវត្ថិភាព មកសមត្ថកិច្ច ដើម្បីពង្រឹងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានកាន់តែប្រសើរ ក្នុងនោះអាជ្ញាធរនឹងរក្សាជាការសម្ងាត់ជូន ដោយមិនអនុញ្ញាតឱ្យយកទិន្នន័ ចេញពីកាំមេរ៉ាសុវត្ថិភាពទាំងនោះទៅធ្វើការផ្សព្វផ្សាយបើគ្មានការអនុញ្ញាតនោះទេ ។

ការថ្លែងស្នើសុំបែបនេះ របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំ ស្តីពី ការពង្រឹងការងារសន្តិសុខ សុវត្ថិភាព នៅតាមបុរីនិងខុនដូ ក្នុងរាជធានីភ្នំពេញជាលើកទី២ កាលរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ដោយមានការ អញ្ជើញចូលរួ ពីសំណាក់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម ពីម្ចាស់បុរី និងខុនដូ អាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីនគរបាល និង កងរាជអាវុធហត្ថ ប្រមាណជាង៣០០នាក់ នៅសាលប្រជុំ សាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ចាប់ពីពេលនេះទៅគ្រប់បុរី និង ខុនដូ នៅរាជធានីភ្នំពេញ ត្រូវបំពាក់កាំមេរ៉ាសុវត្ថិភាព តភ្ជាប់មកខ្សែបណ្ដាញទៅមជ្ឈមណ្ឌលកាំមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីងាយស្រួលចុះអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង និងមានប្រព័ន្ធសន្តិសុខ សុវត្ថិភាព ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែល ជាអតិថិជនរបស់ខ្លួនកំពុងស្នាក់នៅ ។

ករណីនេះលោក បានសន្យានិងម្ចាស់បុរីថា រាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរក្សាជាការសម្ងាត់ និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាំមេរ៉ាសុវត្ថិភាពទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតនោះទេ ។

ទន្ទឹមនឹងការលើកឡើង របស់អភិបាលរាជធានីខាងលើដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគាំទ្រ ចំពោះយន្តការទាំងនេះ ដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ បុរីនិងខុនដូ ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានស្នើឱ្យម្ចាស់បុរី និង ខុនដ ត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀត ដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬ ត្រូវមានរថយន្តពន្លត់អគ្គិសភ័យផ្ទាល់ខ្លួន មានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមជាប់ជាប្រចាំ ។ ជាងនេះ ម្ចាស់បុរី ឬខុនដូ គួរបង្កើតអោយមានបទបញ្ជាផ្ទៃក្នុង របស់បុរី បើបុរីរបស់អស់លោកអ្នកមានសន្តិសុខល្អ នោះមិនខ្វះអតិថិជននោះទេ ។ គួររំលឹក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមាន បុរី ចំនួន១៤៩ទីតាំង និងខុនដូចំនួន១៣៧ទីតាំង៕

 

Loading...