Cristiano Ronaldo ត្រូវសន្តិសុខបញ្ជាឲ្យពាក់ម៉ាសអំឡុងពេលអង្គុយមើលសមាជិកក្រុមប្រកួត

កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានបុគ្គលិកផ្នែកសន្តិសុខម្នាក់រំលឹក និងបញ្ជាឲ្យពាក់ម៉ាកក្នុងកំឡុងពេលរូបគេអង្គុយនៅកៅអីបម្រុងមើលការប្រកួតរបស់សមាជិកក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាតថា ក្នុងពានរង្វាន់ UEFA Nations League កាលពីថ្ងៃសៅរ៍កន្លងទៅ។

ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus រូបនេះមិនបានចូលរួមប្រកួតនោះទេដោយសារដោយសាររងរបួសថ្លោះម្រាមជើង អំឡុងពេលហ្វឹកហាត់។

នៅក្នុងវីដេអូដែលអ្នកកាសែតថតបាន បានបង្ហាញថា កីឡាករ Cristiano Ronaldo អង្គុយមើលការប្រកួតនៅកៅអីបម្រុង ដោយគ្មានពាក់ម៉ាសនោះទេ ស្របពេលដែលសមាជិកក្រុមរបស់ខ្លួនដែលអង្គុយក្បែរនោះគេពាក់ម៉ាសគ្រប់គ្នា។ ពេលនោះបុគ្គលិកសន្តិសុខក្នុងទីលានប្រកួតបានដើរមកជិត Ronaldo ហើយរំលឹកឲ្យគេពាក់ម៉ាសដើម្បីការពារការឆ្លង Covid-19 ។ ក្រោយមកក៏បញ្ជាឲ្យកីឡាកររូបនេះពាក់ម៉ាសជាចាំបាច់ ប្រសិនបើមិនពាក់អ្នករៀបចំការប្រកួតអាចនឹងដេញគាត់ចេញបាន ។

ភ្លាមៗ Ronaldo ក៏សុខចិត្តពាក់ម៉ាសតាមការណែនាំរបស់បុគ្គលិកសន្តិសុខ និងបានអង្គុយមើលការប្រកួតជាធម្មតា។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ UEFA Nations League នោះក្រុមព័រទុយហ្គាល់បានយកឈ្នះក្រូអាតក្នុងលទ្ធផល ៤-១ ដោយកីឡាករ Joao Cancelo, Diogo Jota, Joao Felix និង Andre Silva ខណៈក្រុមក្រូអាតរកបាន១គ្រាប់ដោយកីឡាករ Bruno Petkovic ៕

 

Loading...