Facebook សុំទោស​អ្នក​ប្រើ​ប្រាស់​ ចំពោះ​មុខងារ​ថ្មី “Year​ in​ Review”

ថ្មី​ៗ​នេះ​ក្រុមហ៊ុន Facebook បញ្ចេញ​មុខងារ “Year in Review” ដែល​បាន​បង្ហាញ​​​រូបភាព​ផ្សេង​ៗ​ដែល​អ្នក​លេង​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ​បាន​បង្ហោះ​​តាំង​ពី​ដើម​ឆ្នាំ​ ២០១៤ ដើម្បី​ជា​ការ​រំលឹក​អនុស្សាវរីយ៍​ចុង​ឆ្នាំ​។ ប៉ុន្តែ​ក្រោយ​មក​មិន​ទាន់​បាន​ប៉ុន្មាន​​មាន​មនុស្ស​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ ចំពោះ​មុខងារ​ថ្មី​នេះ ព្រោះ​វា​បាន​បង្ហោះ​រូបភាព​ទុក្ខ​សោក​របស់​ពួក​​គេ​រួម​នឹង​​ប្រយោគ​ជា​ភាសា​អង់គ្លេស “It’s been a great year! Thanks for being a part of it” ឲ្យ​មនុស្ស​រាល់​គ្នា​ក្នុង​ Facebook បាន​ឃើញ។

​​​​​ជាក់ស្ដែង​​អ្នក​លេង​ Facebook​ មួយ​រូប​ឈ្មោះ Eric Meyer ដែល​បាន​បាត់បង់​​កូន​ស្រី​ដោយសារ​ជំងឺ​មហារីក​ខួរ​ក្បាល​កាល​ពី​ដើម​ឆ្នាំ ២០១៤ បាន​បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​មុខ​ងារ​ Year in Review ដែល​ Facebook ទើប​បង្កើត​ថ្មី​ៗ​នេះ។ លោក​បាន​សរសេរ​ឃ្លា​បង្ហោះ​លើ Blog ផ្ទាល់​ខ្លួន​​​​កាល​ពី​ថ្ងៃ​ ២៤ ធ្នូ​ដូច្នេះ​ថា៖ “សម្រាប់​អ្នក​មាន​ទុក្ខសោក​ដូច​ពួក​យើង​​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ មាន​អ្នក​ខ្លះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ អ្នក​ខ្លះ​លែងលះ​គ្នា និង​អ្នក​ខ្លះ​ទៀត​បាត់​បង់​ការងារ​ និង​អ្នក​​មាន​វិបត្តិ​រាប់​ជំពូក គឺ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​បាន​​ឃើញ​​ពី​អតីតកាល​ដ៏​សែន​ឈឺ​ចាប់​របស់​ពួក​យើង​ឡើយ”។ ​

ចំណែក​ឯ​លោក Jonathan Gheller ជា​អ្នក​គ្រប់​គ្រង​​​គម្រោង​បង្កើត​មុខងារ “Year in Review” និង​ជា​​តំណាង​ឲ្យ​ក្រុមហ៊ុន​ Facebook ទាំង​មូល​បាន​ប្រាប់​ទៅ​សារព័ត៌មាន Washington Post ថា​ ខាង​លោក​បាន​ទាក់ទង​បុរស​ខាង​លើ (លោក​ Meyer) ដើម្បី​សុំទោស​ចំពោះ​អ្វី​ដែល​​ក្រុម​ការងារ​បាន​ធ្វើ​ឲ្យ​ Meyer កាន់​តែ​ឈឺ​ចាប់​។ ​​

Gheller បាន​និយាយ​ជា​ចុង​ក្រោយ​ថា “មុខងារ​មួយ​នេះ​គឺ​ពិត​ជា​អស្ចារ្យ​សម្រាប់​អ្នក​លេង​ Facebook ទូទៅ តែ​​ក្នុង​ករណី​ដូចជា​​ Meyer ​យើង​បែរ​ជា​ធ្វើ​ឲ្យ​​គាត់​ឈឺ​ចាប់​ជាជាង​ការ​រីករាយ​ទៅ​វិញ​”៕

ចុះ​ចំពោះ​ប្រិយមិត្ត​វិញ​ មាន​អ្នក​ណា​ខ្លះ​មិន​ពេញ​ចិត្ត​ចំពោះ​មុខងារ​​​រំលឹក​អនុស្សាវរីយ៍​ចុង​ឆ្នាំ​ (Year in Review) ដែល​ Facebook ទើប​បង្កើត​នេះ​ដែរ​ឬ​ទេ?

Facebook-Year-in-Review-2014

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *