G7​ អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់​ចំពោះ​ជម្លោះព្រំដែន​ទឹក​នៅ​អាស៊ី​

​កាលពី​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​ ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ទាំង​៧​ (G7)​បាន​សម្តែង​កង្វល់​ ពាក់ព័ន្ធ​ជម្លោះ​ដែនទឹក​នៅ​ប្រទេស​តំបន់​អាស៊ី​ ។​ ការ​ព្រួយបារម្ភ​ទ្វើ​ឡើង​នៅ​ក្នុង​តំបន់​ដោយសារ​តែ​មហិច្ឆតា​ ដែន​អធិបតេយ្យ​ និង​យោធា​របស់​ចិន​។​

​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ទទួលយក​ស្ទើរតែ​ទាំងស្រុង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ បើ​ទោះបី​មានការ​ប្រឆាំង​តវ៉ា​ដោយ​ផ្នែក​ពី​ប្រទេស​ប្រ៉ុ​យ​ណេ​ ម៉ា​ឡេ​ស៊ី​ វៀតណាម​ តៃវ៉ាន់​ និង​ហ្វី​លី​ពី​ន​យ៉ាងណា​ក៏​ដោយ​ ។​ ចិន​បាន​បង្កើត​ដែន​កោះ​សិប្បនិម្មិត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែ​ថ្មីៗ​នេះ​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​សាងសង់​ឡើង​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​ ។​

​នៅ​ខណៈ​នេះ​ដែរ​ ប្រទេស​ជប៉ុន​ ក៏​មាន​ជម្លោះ​ជាមួយ​យ​ចិន​នៅ​សមុទ្រ​ចិន​ភាគ​ខាងកើត​ គឺ​ដែន​កោះ​គ្មាន​មនុស្ស​រស់នៅ​ ដែល​ស្ថិត​នៅ​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន​ ប៉ុន្តែ​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​អះអាង​ពី​សិទ្ធិ​របស់​ទីក្រុង​ប៉េ​កាំ​ង​ ទៅ​លើ​ដែន​កោះ​នោះ​ផង​ដែរ​ ។​

​សេចក្តីថ្លែងការណ៍​រួម​របស់​ G7​ ក្រោយ​ជំនួប​ពិភាក្សា​រយៈពេល​២​ថ្ងៃ​នៅ​ទីក្រុង​ហ៊ី​រូ​ស៊ី​ម៉ា​ ប្រទេស​ជប៉ុន​នោះ​ថា​ ខ្លួន​មានការ​ព្រួយបារម្ភ​ចំពោះ​ស្ថាន​ការ​នៅ​សមុទ្រ​ចិន​ខាងកើត​ និង​ខាងត្បូង​ ហើយ​ខ្លួន​សូម​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី​ ។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​ និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ព្រួយបារម្ភ​ខ្លាច​តែ​ម្យ៉ាង​គឺ​រឿង​ប្រទេស​ចិន​អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​គ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​ ។​ កាលពី​ពេល​ថ្មីៗ​នេះ​ ទីក្រុង​ប៉េ​កាំ​ង​បាន​សាង់សង់រ​ច​ន​សម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​ ក្នុង​នោះ​មាន​ប្រព័ន្ធ​រ៉ា​ដា​ អាកាសយានដ្ឋាន​យោធា​នៅ​លើ​ដែន​កោះ​សិប្បនិមិត្ត​ និង​ថ្ម​ប៉​ប្រ៉ះ​ទឹក​ទាំងនោះ​ផង​ដែរ​ ។​

​ដោយ​ពុំ​បាន​បញ្ចេញ​ឲ្យ​ចំ​ឈ្មោះ​ថា​ ជា​ប្រទេស​ចិន​ ឬ​ជា​ប្រទេស​មួយ​ណា​នោះ​,​ រដ្ឋមន្ត្រី​ G7​ បាន​សង្កត់ធ្ងន់​ថា​ ពួក​គេ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​ជា​ឯកតោភាគី​ណាមួយ​ ដែល​នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​ សកម្មភាព​បង្ករឿង​ ការ​បំភិតបំភ័យ​ និង​ការ​បង្ក​ឲ្យ​ស្ថាន​ការ​តានតឹង​ឡើង​នៅ​ក្នុង​តំបន់​ទាំងមូល​នោះ​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ ច​ន​ ឃើ​រី​ រួម​ជាមួយ​សម​ភាគី​របស់​ខ្លួន​មក​ពី​បារាំង​ អង់គ្លេស​ កា​ណា​ដា​ អ៊ី​តា​លី​ អា​ល្លឺ​ម៉​ង់​ និង​កា​ណា​ដា​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​ស្តី​អំពី​សន្តិសុខ​តាម​ផ្លូវ​សមុទ្រ​នៅ​ក្នុង​កិច្ចប្រជុំ​ G7​ ។​ ក្រុម​ G7​ បាន​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​សកម្មភាព​ទាមទារ​ទឹកដី​ និង​ការ​កសាង​ប៉ុស្តិ៍​សម្រាប់​គោលដៅ​យោធា​ជាដើម​ ហើយ​ក្នុង​ជម្លោះ​មួយ​នេះ​ គួរ​ត្រូវ​បាន​ដោះស្រាយ​តាម​ច្បាប់​អន្តរជាតិ​ប្រកបដោយ​ជំនឿ​ទុកចិត្ត​ ក្នុង​នោះ​គឺ​ការ​ដោះស្រាយ​ជម្លោះ​តាម​យន្តការ​ និង​ការ​ចូលរួម​ពី​អាជ្ញាកណ្តាល​ ។​

​ជប៉ុន​ និង​អា​មេ​រិ​កបាន​សម្តែង​ការ​ព្រួយបារម្ភ​ម្តង​ហើយ​ម្តងទៀត​ទាក់ទង​សកម្មភាព​របស់​ចិន​ ខណៈ​ដែល​ទីក្រុង​ប៉េ​កាំ​ង​បាន​សម្តែង​ការ​សង្ស័យ​ថា​ ជប៉ុន​ និង​អា​មេ​រិ​ក​កំពុង​ប្រើប្រាស់​ G7​ ដើម្បី​រិះគន់​មក​លើ​ខ្លួន​នោះ​ ។​

​ការ​កាត់ក្តី​នៅ​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ​បាន​និង​កំពុង​រៀបចំ​ឡើង​ បន្ទាប់​ពី​ប្រទេស​ហ្វី​លី​ពី​ន​បាន​ប្តឹង​ទាក់ទង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ។​ ទីក្រុង​ប៉េ​កាំ​ង​បាន​ច្រានចោល​ មិន​ព្រម​ចូលរួម​សវនាការ​នេះ​ឡើយ​ ដោយ​បញ្ជាក់​ថា​ ខ្លួន​មិន​ទទួលស្គាល់​អំណាចតុលាការ​នេះ​ទេ​ ។​

​ថ្លែង​នៅ​ទីក្រុង​ប៉េ​កាំ​ង​ លោក​ Lu​ Kang​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បញ្ជាក់​ថា​ ខ្លួន​មិន​បានឃើញ​សេចក្តីថ្លែងការណ៍​របស់​ G7​ នោះ​ឡើយ​ និង​ថា​ សូម​ឲ្យ​ G7​ នេះ​បញ្ឈប់​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​មក​លើ​ប្រទេស​ចិន​ ។​ លើស​ពី​នេះ​ទៀត​ លោក​បាន​ព្រមាន​ផង​ដែរ​ កុំ​ឲ្យ​ G7​ មានការ​លំអៀង​ខ្លាំង​ពេក​ ។​

​លោក​បញ្ជាក់​ថា​ ប្រសិនបើ​ G7​ ចង់​បន្ត​តួនាទី​យ៉ាង​សំខាន់​ក្នុង​សហគមន៍​អន្តរជាតិ​នោះ​ គួរតែ​ប្រយ័ត្ន​ចំពោះ​អាកប្បកិរិយា​របស់​ខ្លួន​ខ្លះ​ផង​ ៕​ សុមេធ​

a-chinese-marine

Loading...

Leave a Reply

Your email address will not be published. Required fields are marked *