Juventus បរាជ័យក្នុងជើងទី១វគ្គ១៦ក្រុម ពានរង្វាន់ Champions League

ក្រុមសេះបង្កង់ Juventus បានបរាជ័យនៅក្រៅទឹកដីរបស់ខ្លួនដោយសារក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto ក្នុងលទ្ធផល២ទល់១។ ចំណែកក្រុមខ្លាំងមកពីអាល្លឺម៉ង់ Dortmund បានយកឈ្នះក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla ក្នុងលទ្ធផល៣ទល់២ ក្នុងការប្រកួតវគ្គជម្រុះ១៦ក្រុមជើងទី១ ពានរង្វាន់ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈនេះ។

ក្រុមម្ចាស់ផ្ទះ Porto បានយកឈ្នះក្រុមខ្លាំងមកពីអ៊ីតាលី Juventus ក្នុងលទ្ធផល ២ទល់១។ ២គ្រាប់របស់ក្រុម Porto រកបានដោយកីឡាករ Taremi នៅចាប់ផ្តើមការប្រកួតនាទីទី១ និង១គ្រាប់ទៀតរកបានដោយកីឡាករ Marega នៅនាទីទី៤៦ដើមតង់ទី២។ ចំណែក១គ្រាប់របស់ក្រុម Juventus រកបានដោយកីឡាករ Chiesa នៅនាទីទី៨២។

ចំណែកការប្រកួតរវាងក្រុម Sevilla និងក្រុម Dortmund ក្នុងតង់ទី១មិនបានប៉ុន្មាននាទីផង កីឡាករ Suso របស់ក្រុម Sevilla បានរកគ្រាប់បាល់នាំមុខគូប្រកួតនៅនាទីទី៧ ប៉ុន្តែនៅនាទីទី១៩ កីឡាករ Dahoud របស់ក្រុម Dortmund រកបាន១គ្រាប់សងវិញ។ នៅនាទីទី២៣ និងនាទីទី៤៣ ខ្សែប្រយុទ្ធ Haaland រកបាន២គ្រាប់ម្នាក់ឯង ដើម្បីឲ្យក្រុម Dortmund នាំមុខក្រុម Sevilla ដែលលទ្ធផលនេះរហូតដល់ចប់ការប្រកួតតង់ទី១។

ចូលដល់តង់ទី២ ក្រុម Sevilla បានព្យាយាមរកគ្រាប់បាល់តាមស្មើ ហើយនៅនាទីទី៨៤ ជិតចប់ការប្រកួត ខ្សែប្រយុទ្ធ de Jong របស់ក្រុម Sevilla មានឱកាសរកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតក្រុម Dortmund ឈ្នះ Sevilla ៣ទល់២។

ក្រុម Dortmund និងក្រុម Porto មានឱកាសក្នុងការយកជ័យជម្នះសម្រាប់ការប្រកួតវគ្គជម្រុះជើងទី១នៃពានរង្វាន់ Champions League។ ការប្រកួតជើងទី២គឺ Dortmund ប៉ះ Sevilla និង Juventus ប៉ះ Porto ធ្វើឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ដើម្បីរកក្រុមដែលមានឱកាសឡើងទៅវគ្គ៨ក្រុមបន្តទៀត៕

Loading...