Messi តាមស្មើកំណត់ត្រារបស់វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele

យោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បានរកគ្រាប់បាល់បញ្ចូលទីសរុបចំនួន៦៤៣គ្រាប់តាមស្មើគ្រាប់បាល់របស់អតីតវីរបុរសប្រេស៊ីលលោក Pele ពេលលេងនៅក្រុម Santos ជាមួយនឹងការតែតបាល់បញ្ចូលទីក្នុងលទ្ធផលស្មើ ២-២ របស់ក្រុម Barcelona ជាមួយនឹងក្រុម Valencia នៅ La Liga កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ កំណត់ត្រានេះគឺក្នុងនាមកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេជាមួយក្លិបតែមួយ។

ស្របពេលដែល Messi សម្រេចបានលទ្ធផលល្អក្នុងការបង្ហាញខ្លួនបាន៧៤៨ប្រកួត លោក Pele បានបង្ហាញខ្លួនត្រឹមតែ៦៦៥ប្រកួតប៉ុណ្ណោះដើម្បីឈានដល់តួលេខដូចគ្នាខាងលើ។

វីរបុរសប្រេស៊ីលលោក Pele បានបង្ហោះសារលើ Instagram ថា “សូមអបអរសាទរចំពោះកំណត់ត្រាប្រវត្តិសាស្រ្តរបស់អ្នកគឺ Lionel Messi ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះសូមអបអរសាទរចំពោះអាជីពដ៏អស្ចារ្យរបស់អ្នកនៅឯក្លិប Barcelona”។

គួររំលឹកថា លោក Pele ជាអតីតកីឡាករតែម្នាក់គត់ដែលធ្លាប់ឈ្នះការប្រកួត World Cup ៣ ដងទទួលបានឯតទគ្គកម្មពិភពលោក Guinness។ លោកបានលេងឱ្យក្លិប Santos ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧៤ មុនពេលបញ្ចប់អាជីពជាមួយក្លិប New York Cosmos ។ លោកជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ប្រេស៊ីលដោយរកបាន៧៧ គ្រាប់ក្នុង៩២ប្រកួតអន្តរជាតិពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧១។ ចំណែកខ្សែប្រយុទ្ធ Lionel Messi មានវ័យ៣៣ឆ្នាំរកបាន៧១គ្រាប់ក្នុង១៤២ប្រកួតសម្រាប់ជម្រើសជាតិអាហ្សង់ទីន ហើយក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអាហ្សង់ទីនផងដែរ ៕

Loading...