Rakitic អ្នកដែលជួយឲ្យក្រូអាតឡើងវគ្គផ្តាច់ព្រ័ត្រ World Cup 2018 ចូលនិវត្តន៍ពីជម្រើសជាតិហើយ

សហព័ន្ធបាល់ទាត់ក្រូអាតបានប្រកាសថា កីឡាករ Ivan Rakitic បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រូអាតហើយ ប៉ុន្តែកីឡាកររូបនេះនៅតែបន្តលេងឲ្យក្លិបនៅអេស្ប៉ាញដដែល។

ក្នុងសេចក្ដីប្រកាសរបស់សហព័ន្ធបាល់ទាត់ក្រូអាតបានបន្តថា កីឡាកររបស់ក្លិប Sevilla រូបនេះបាននិយាយថា ការលាឈប់ពីក្រុមជម្រើសជាតិក្រូអាតគឺជាការសម្រេចដ៏ពិបាកបំផុតក្នុងអាជីពរបស់គេ។ បើទោះបីកើតក្នុងប្រទេសស្វីសមែន តែ Rakitic បានលេងជាជម្រើសជាតិក្រូអាត ព្រោះជាប្រទេសកំណើតរបស់ឪពុកម្តាយគេ ដោយបានលេងឲ្យក្រុមជម្រើសជាតិស្វ៊ីត្រឹមឈុតយុវជនប៉ុណ្ណោះ។

ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះបង្ហាញខ្លួនបាន១០៦ប្រកួតឲ្យជម្រើសជាតិក្រូអាត ដោយចាប់ដៃគូជាមួយ Luka Modricដែលជាកីឡាករឆ្នើមប្រចាំប្រទេស ជាង១០ឆ្នាំមកហើយ។ Rakitic គឺជាកីឡាករសំខាន់ក្នុងការជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០១៨ ប៉ុន្តែបានត្រឹមជើងឯករង ដោយចាញ់ក្រុមម្ចាស់ផ្ទះបារាំង ៕

Loading...