USB តម្លៃ​៧​ដុល្លារ​មាន​មុខងារ​​ពិសេស ​អាច​​ផ្លាស់​ប្ដូរ​ពិភពលោក​បាន

ក្រុមហ៊ុន​បច្ចេកវិទ្យា​​​ថ្មី​មួយ​​​ឈ្មោះ​ Keepod ដែល​មាន​មូលដ្ឋាន​នៅ​​ប្រទេស​អ៊ីស្រាអែល​កាលពី​ពេល​ថ្មីៗ​នេះ បាន​ចូលរួម​សហការ​គ្នា​ជាមួយ​អង្គការ NGO LiveInSlums អភិវឌ្ឍ​គម្រោង​ពិសេស​មួយ​​ដោយ​បាន​រៃ​អង្គាស​​ថវិកា​​​លើ​​គេហទំព័រ​ Indiegogoដើម្បី​​ផលិត​កុំព្យូទ័រ​ផ្ទាល់ខ្លួន​យ៉ាង​ពិសេស (PC = Personal Computing) នៅ​លើ USB Flash ដ៏​តូច​មួយ​ប៉ុណ្ណោះ។

mainimage6539

មនុស្ស​គិត​ថា វា​គឺ​ជា​រឿង​ពិសេស ដែល​យើង​អាច​យក​ទិន្នន័យ​ទៅ​ទុក​ក្នុង USB Drive ​ដែល​មាន​តម្លៃ​ប្រហែល​ ៧​ដុល្លារបាន ប៉ុន្តែ​ចុះ​ហេតុអ្វី​យើង​មិន​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ​ស្រាប់​នៅ​លើ​នោះ​តែ​ម្ដង​ទៅ? នេះ​គឺ​ជា​រឿង​សាមញ្ញ​មួយ ប៉ុន្តែ​បង្កប់​ដោយ​គំនិត​អស្ចារ្យ។ លោក Nissan Bahars នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ៊ីស្រាអែល Keepod និង​លោក Francesco (Franky) Imbesi ជនជាតិ​អ៊ីតាលី​កំពុង​ធ្វើ​ឱ្យ​គំនិត​ច្នៃប្រឌិត​ក្លាយជា​ការ​ពិត​ហើយ ដើម្បី​ប្រែក្លាយ​ពិភពលោក​ក្លាយ​ទៅ​ជា​ពិភព​បច្ចេកវិទ្យា​កុំព្យូទ័រ។

សព្វថ្ងៃ​គេ​រក​ឃើញ មាន​មនុស្ស​ប្រមាណ ៥ពាន់​លាន​នាក់ ឬ​ស្មើ​នឹង ៧០% នៃ​ប្រជាជន​ពិភពលោក​សរុប ៧,២៨ពាន់​លាន​នាក់ (យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ worldometers.info គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ២០១៤ ) គឺ​ពុំ​ទាន់​មាន​កុំព្យូទ័រ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅ​ឡើយ​ទេ ហើយ​ពួក​គេ​ក៏​កំពុង​មាន​បំណង​ផ្លាស់ប្ដូរ ​ដោយ​ធ្វើ​ឱ្យ​យ៉ាង​ណា​ឱ្យ​អ្នក​​ទាំង​នោះ​​​មាន​លទ្ធភាព​ប្រើ​ប្រាស់​កុំព្យូទ័រ។ គម្រោង​ផលិត USB កុំព្យូទ័រ​នេះ គឺ​ត្រូវ​បាន​គេ​អភិវឌ្ឍ​ដោយ​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat ដើម្បី​ឱ្យ​អ្នក​ប្រើ អាច​ដោត​ប្រើ​ជាមួយ​រន្ធ USB នៅ​លើ​​កុំព្យូទ័រ​ស៊េរី​ចាស់ៗ Netbook និង​កុំព្យូទ័រ desktop ​ជាដើម​បាន។

ឧបករណ៍​ពិសេស​នេះ​នឹង​ធ្វើ​ឱ្យ​​អ្នក​ប្រើ​មាន​អារម្មណ៍​សុវត្ថិភាព​ដោយសារ​ឯកសារ កម្មវិធី ការ​កំណត់​សុវត្ថិភាព​ផ្សេងៗ​គឺ​ធ្វើ​ឡើង និង​ប្រើប្រាស់​ដោយ​ខ្លួន​ឯង។ ម្យ៉ាងទៀត​​អ្នក​​ប្រើ​ ​ក៏​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទុកដាក់​កុំព្យូទ័រ​តាម​ខ្លួន ដោយសារ​ម៉ាស៊ីន​និង USB Drive គឺ​តែ​មួយ។

លោក Bahar និង Imbesi បាន​ណែនាំ​គម្រោង​ផលិត USB កុំព្យូទ័រ​របស់​ក្រុមហ៊ុន Keepod នេះ​ទៅដល់​សាលារៀន​មួយ​ស្ថិត​នៅ​សំណង់​មិន​រៀបរយ Mathare ក្នុង​ទីក្រុង Nairobi ប្រទេស​កេនយ៉ា ដែល​ជា​ដៃគូ​សហការ​ជាមួយ​អង្គការ LiveInSlums។ លោក Bahar បាន​លើកឡើង​ថា៖ «ពួក​យើង​កំពុង​នាំ​យក​បច្ចេកវិទ្យា​កុំព្យូទ័រ និង​ឧបករណ៍​ឌីជីថល​ឱ្យ​ដល់​ពិភពលោក»។ «នៅ​មាន​ការ​ផ្ដួចផ្ដើម​ដើម្បី​នាំ​យក​កុំព្យូទ័រ​ទៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ទេ ប្រសិន​យើង​ចង់​នាំ​យក laptop ដល់​ពួកគេ​ម្នាក់​មួយ​គ្រឿងៗ​នោះ ពោល​នៅ​លើ​លោក​នេះ គឺ​ពុំ​មាន​សម្ភារៈ​គ្រប់​ចំនួន​នឹង​អាច​ធ្វើ​កិច្ចការ​នេះ​ដំណើរការ​បាន​ទេ។ វិធីសាស្ត្រ​របស់​យើង គឺ​ដោយ​ប្រើ​ឧបករណ៍​អភិវឌ្ឍ​ថ្មី​ជា USB កុំព្យូទ័រ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​រួច​ជាស្រេច ជំនួស​ឱ្យ​កុំព្យូទ័រ​ធំៗ​បច្ចុប្បន្ន​វិញ ដើម្បី​ផ្ដល់​ឱកាស​ច្រើន​ដល់​ប្រជាជន​លើ​ពិភពលោក​បាន​ប្រើប្រាស់»។

​លោក Bahar បាន​អះអាង​ថា ការ​ប្រើប្រាស់​ប្រភេទ​កុំព្យូទ័រ​ដែល​មិន​មាន hard drive នេះ គឺ​អាច​ជួយ​ដោះស្រាយ​បញ្ហា​អសន្តិសុខ​ប្រព័ន្ធ​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​ច្រើន។ ក្រុមហ៊ុន Keepod និង​អង្គការ LiveInSlums បាន​ដាក់ចេញ​ប្រភេទ USB កុំព្យូទ័រ​ឯកជន​ពិសេស​នេះ ​តាំងពី​ខែ​មីនា​កន្លង​ទៅ​ ហើយ​ដែល​មាន​តម្លៃ ៧ដុល្លារ។ ​ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍ​គម្រោង​នេះ​ឱ្យ​រឹតតែ​ធំ ដើម្បី​ផ្ដល់​ជូន​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​វិស័យ​កុំព្យូទ័រ​កាន់តែ​រីកចម្រើន​ដល់​មនុស្ស​លើ​ពិភពលោក​កាន់តែ​ច្រើន​បាន​ស្គាល់៕

ប្រែ​សម្រួល៖ លី ឈៀន

ប្រភព៖​ jewsnews

Loading...

Leave a Reply

Your email address will not be published. Required fields are marked *