សម្តេចតេជោហ៊ុន សែន៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ប្តេជ្ញាចិត្តរបស់ចិនអនុវត្ត “ផ្លូវសូត្រសុខភាព”

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​​នៅក្នុងសុន្ទរកថា បើកវេទិកា បូអាវ សម្រាប់អាស៊ី ស្តីពី «ពិភពលោកក្នុងការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» តាមប្រព័ន្ធវីដេអូ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការអនុវត្ត “ផ្លូវសូត្រសុខភាព” ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្តល់នូវថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ។

សម្តេចតេជោបានថ្លែងថា៖ ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ីក្រោមប្រធានបទ “ពិភពលោកក្នុងការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» ។ ខ្ញុំក៏សូមអបអរសាទរចំពោះខួបគម្រប់២០ឆ្នាំ នៃការបង្កើតវេទិកា ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ, សេដ្ឋកិច្ច-សង្គម, វប្បធម៌ និងបរិស្ថាន ។

បច្ចុប្បន្នជំងឺកូវីដ-១៩ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈសកល និងការអភិវឌ្ឍជារួម ។ ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបណាប្រទេសទាំងអស់មិនមានសុវត្ថិភាព ។ ក្នុងន័យនេះកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការអនុវត្ត “ផ្លូវសូត្រសុខភាព” ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្តល់នូវថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន ដែលនេះ ជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីភាពដឹកនាំសកលរបស់ប្រទេសចិន ។ ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន២,៨លានដូស ដល់កម្ពុជា ដែលក្នុងនោះចំនួន១,៣លានដូសជាជំនួយមនុស្សធម៌ ។

សម្តេច​បានបន្តថា ក្រៅពីជំងឺរាតត្បាតកូវីដ-១៩ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនទៀត ដែលបណ្តាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើង នៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿននៅលើឆាកនយោបាយក្នុងតំបន់ ។ ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំឬធនធានដោយមានអង្គការសហប្រជាជាតិជាស្នូល ។

កម្ពុជាទទួលស្គាល់នូវតួនាទីស្នូល នៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង ។ ក្នុងបរិការណ៍នេះប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកលដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថទទួលខុសត្រូវ ។ ប្រទេសរបស់ខ្ញុំក្នុងនាមជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានជ្រើសយកមូលបទ «ពង្រឹងពភាគីនិយមដើម្បីកំណើនរួមគ្នា» ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ដៃគូអាស៊ី-អឺរ៉ុបទាំងអស់ ដែលមិនត្រឹមតែជំរុញភាពជាដៃគូ ASEM សម្រាប់ផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់អភិបាលកិច្ចសកលសំដៅពង្រឹងប្រព័ន្ធពហុភាគីនិយម, ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូដ-១៩ ។

សម្តេចបានបន្តថា លើសពីនេះទៀត ខ្ញុំមានចក្ខុវិស័យអំពីការពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមានសមត្ថភាពក្នុងការនាំមកនូវសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ដើម្បីចូលរួមចំណែកដល់ដំណើរការស្តារឡើងវិញ ។ សន្ទុះវិជ្ជមាន ដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវចាប់តាំងពីការបង្កើតមកបានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកលើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, កាលានុវត្តភាពវិនិយោគ, ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ ខណៈពេល នៃការធ្លាក់ចុះសេដ្ឋកិច្ចនេះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅតែជាកម្លាំងជំរុញដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់បុព្វហេតុសន្តិភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ជាទីបញ្ចប់ សម្តេចតេជោ​បានប្រសិទ្ធពរឲ្យសន្និសីទប្រចាំឆ្នាំ២០២១នេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ៕ ថាច់ យ៉ាត

Loading...