ស្លាប់ និងរបួសជាង១០០នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងភ្លាត់កង់ចេញពីផ្លូវដែក ប្រទេសអេហ្ស៊ីប

រថភ្លើងមួយខ្សែ​នៅក្នុងប្រទេសអេហ្ស៊ីប​បានរអិលកង់​ភ្លាត់ចេញពីផ្លូវដែក​ បង្កឲ្យមានមនុស្សយ៉ាងតិច​១១នាក់ស្លាប់ ​និង​៩៨នាក់​ទៀត​រងរបួសធ្ងន់ ស្រាល ។

ហេតុការណ៍​បានកើតឡើង​កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅខេត្ត Qalioubia ភាគខាងជើងទីក្រុងគែរ (Cairo) របស់ប្រទេសអេហ្ស៊ីប ។

សេចក្តីថ្លែងការណ៍សង្ខេប​របស់​អយស្ម័យានអេហ្ស៊ីបបញ្ជាក់ថា រថភ្លើងបាននិងកំពុងចេញដំណើរពីទីក្រុងគែរ ឆ្ពោះទៅកាន់​ទីក្រុង នីល​ ដេលតា (Nile Delta) ខេត្ត Mansoura គ្រានោះទូរថភ្លើងចំនួន​៤​បានភ្លាត់កង់ចេញពី​ផ្លូវដែក​នៅវេលាម៉ោង១និង៥៤នាទី​រសៀល ម៉ោងនៅក្នុងតំបន់ ខណៈស្ថិតនៅត្រង់ចំណុច​ប្រហែល​៤០គីឡូម៉ែត្រ​ ភាគខាងជើង​របស់ទីក្រុងគែរ ។

មូលហេតុ​បណ្តាលឲ្យគ្រោះថ្នាក់​នេះកើតឡើង គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតពីក្រុមជំនាញ ។

ក្រសួងសុខាភិបាលអេហ្ស៊ីបបានប្រកាសថា រថយន្តសង្គ្រោះបន្ទាន់ប្រមាណ៥០គ្រឿងបាន​ចូលរួមដឹក​ជនរងគ្រោះ​ទៅកាន់មន្ទីរពេទ្យចំនួន៣​ដែលនៅជិត​នៅក្នុងខេត្ត ហើយនេះគឺជាហេតុការណ៍គ្រោះថ្នាក់​ថ្មីចុងក្រោយបំផុត​ស្តីអំពីការចរាចរតាមផ្លូវដែក ។

គួររំលឹកថា នៅក្នុងខែមីនា ឆ្នាំ២០២១ មនុស្សយ៉ាងតិច​២០បានស្លាប់ និងជិត​២០០នាក់ផ្សេងទៀត​បានរងរបួស ដោយសារហេតុការណ៍រថភ្លើង២ខ្សែបុកគ្នា​​នៅជិតទីក្រុង តាថ៍តា (Tahta) ចម្ងាយ​ប្រហែល៤៤០គីឡូម៉ែត្រ​ភាគខាងត្បូងទីក្រុងគែរ ។

មនុស្ស ១៥ នាក់បានរងរបួសក្នុងខែនេះផងដែរ នៅពេលដែលរថភ្លើងដឹកទំនិញ ២ គ្រឿងបានក្រឡាប់ក្បែរទីក្រុង Minya al-Qamh ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រខាងជើងទីក្រុង គែរ ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់អេហ្ស៊ីប Kamel El-Wazir ដែលជាអតីតឧត្តមសេនីយ៍កងទ័ពនោះបានប្រឈមជាមួយការអំពាវនាវឱ្យលាឈប់ពីតំណែង ។ ប្រជាជនអំពាវនាវបែបនេះតាមបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែគាត់បានច្រានចោលការអំពាវនាវទាំងនោះ ហើយប្រកាសប្តេជ្ញាថា គាត់នឹងបន្តអភិវឌ្ឍបណ្តាញផ្លូវដែកដែលចាស់គំរឹលនោះឲ្យបានប្រសើរឡើងវិញ ៕ ប្រែសម្រួលដោយ៖ ថាច់ យ៉ាត

Loading...