អ្នកចាត់ការទូទៅក្លិបមាន់ខ្នាយមាស Tottenham លោក Jose Mourinho ត្រូវបណ្តេញចេញក្រោយដឹកនាំបាន១៧ខែ

លោក Jose Mourinho ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham បណ្តេញចេញពីតំណែងបន្ទាប់ពីបានចូលកាន់តំណែង១៧ខែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅរសៀលថ្ងៃទី១៩ មេសានេះ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានជំនួសលោក Mauricio Pochettino ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Tottenham កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងបានដឹកនាំក្លិបឈានដល់ចំណាត់ថ្នាក់ទី៦ នៅ Premier League រដូវកាលមុន។

បច្ចុប្បន្នពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ដោយមាន៣៦ពិន្ទុនៅលីកកំពូលអង់គ្លេស ហើយត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីខែមីនា។ ក្រុមមាន់ខ្នាយមាសនឹងត្រូវប៉ះក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup នៅថ្ងៃទី២៥ ខែមេសាខាងមុខនេះ។

កាលពីថ្ងៃអាទិត្យ Tottenham គឺជាក្លិបមួយក្នុងចំណោមក្លិបចំនួន៦នៃក្របខ័ណ្ឌ Premier League ដែលបានប្រកាសថា ពួកគេបានចូលរួមក្នុងក្របខ័ណ្ឌ European Super League ថ្មីមួយ ប៉ុន្តែវាមិនទាក់ទងទៅនឹងការបណ្តេញលោក Mourinho នោះទេ។ ជាមួយគ្នានេះបុគ្គលិក និងជំនួយការគ្រូបង្វឹករបស់លោក Mourinho គឺលោក Joao Sacramento, Nuno Santos, Carlos Lalin និងលោក Giovanni Cerra ក៏ត្រូវបានបណ្តេញចេញដែរ។

សូមបញ្ជាក់ថា លោក Mourinho ធ្លាប់គ្រប់គ្រងក្រុម Manchester United, Chelsea, Real Madrid, Inter Milan និង Porto បានរងបរាជ័យ១០លើកក្នុងយុទ្ធនាការតែមួយជាលើកដំបូងក្នុងអាជីពជាអ្នកចាត់ការរបស់គាត់។ គ្មានក្រុមណាមួយនៅ Premier League ដែលបាត់បង់ពិន្ទុច្រើនជាងគេរដូវកាលនេះជាងក្រុម Tottenham នោះទេ ដែលបានធ្លាក់ចុះ២០ពិន្ទុ ។

ការប្រកួតចុងក្រោយរបស់លោក Mourinho ទទួលបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Everton កាលពីថ្ងៃសុក្រ។ លោក Ryan Mason អតីតខ្សែបម្រើក្រុម Tottenham ដែលបានធ្វើការជាមួយក្រុមបាល់ទាត់របស់ក្លិបនេះនឹងត្រូវដឹកនាំបណ្តោះអាសន្នធ្វើការហ្វឹកហាត់ក្រុមដំបូងនៅថ្ងៃចន្ទនេះ។

គួររំលឹកថា លោក Mourinho ធ្លាប់ដឹកនាំក្លិបមួយចំនួនទទួលបានជ័យជម្នះ និងពានរង្វាន់ជាច្រើនផងដែរ ក្នុងនោះដូចជា

-ក្លិប Porto (2002-2004) ទទួលបានពានរង្វាន់ Primeira Liga (x2), Champions League, Uefa Cup (now Europa League), Portuguese Cup។

-ក្លិប Chelsea (2004-2007 និង 2013-2015) ទទួលបានពានរង្វាន់ Premier League (៣ដង), FA Cup, League Cup (៣ដង)។

-ក្លិប Inter Milan (2008-2010) ទទួលបានពានរង្វាន់ Serie A (២ដង), Champions League ម្តង និង Coppa Italia ម្តង។

-ក្លិប Real Madrid (2010-2013) ទទួលបានពានរង្វាន់ La Liga ម្តង និង Copa del Rey ម្តង។
-ក្លិប Manchester United (2016-2018) ទទួលបានពានរង្វាន់ Europa League ម្តង និង League Cup ម្តង។

-ចុងក្រោយគឺក្លិបមាន់ខ្នាយមាស Tottenham (2019-2021) មិនទទួលបានពាននោះទេ ៕

Loading...